(មេនឆេស្ទឺ)៖ ខ្សែការពារក្លិបបិសាចក្រហម Manchester United កីឡាករ Luke Shaw បានវិលត្រឡប់ចូលហ្វឹកហាត់វិញហើយ បន្ទាប់ពីអវត្តមានរយៈពេល ៣ខែ ដោយសាររបួសសាច់ដុំ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣។

កីឡាករអន្តរជាតិអង់គ្លេស វ័យ ២៨ឆ្នាំរូបនេះ បានបង្ហាញខ្លួនត្រឹម តែ២លើកប៉ុណ្ណោះក្នុងរដូវកាលនេះ បន្ទាប់ពីរងរបួស កាលពីចុងខែសីហាកន្លងទៅ។

ជាមួយគ្នានោះ ខ្សែការពារស្លាបឆ្វេង Tyrell Malacia ដែលបានរងរបួសជង្គង់នោះ មិនទាន់បានបង្ហាញខ្លួននៅឡើយទេក្នុងយុទ្ធនាការឆ្នាំ២០២៣-២០២៤ ដែលធ្វើឱ្យអ្នកចាត់ការ លោក Erik ten Hag ត្រូវប្រឈមនឹងបញ្ហាកីឡាកររងរបួសជាច្រើនផងដែរ។

សូមជម្រាបថា ក្លិបបិសាចក្រហម ដែលកំពុងឈរនៅលេខ៦ ដោយមាន ២១ពិន្ទុផងនោះ នឹងធ្វើដំណើរទៅជួបម្ចាស់ផ្ទះ Everton ក្នុងលីគ Premier League នារាត្រីថ្ងៃអាទិត្យ និងក្នុងក្របខណ្ឌ UEFA Champions League ប៉ះ Galatasaray របស់តួកគី ៣ថ្ងៃបន្ទាប់៕