(បរទេស)៖ បន្ទាប់ពីការដកដំណែងអស់រយៈពេលជិតមួយសប្តាហ៍នេះ ពេលនេះលោក Sam Altman ត្រូវបានក្រុមហ៊ុន OpenAI ហៅត្រឡប់ទៅវិញហើយ ដោយលោកនឹងទៅបន្តកាន់ដំណែងជា CEO ដូចដើមវិញ ខណៈដែលអ្វីគ្រប់យ៉ាងនឹងត្រឡប់ទៅដូចដើមវិញទាំងអស់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣។

រយៈពេល ៥ថ្ងៃចុងក្រោយនេះ គិតចាប់ពីថ្ងៃទី ១៧ ខែវិច្ឆិកា មក នៅក្រុមហ៊ុន OpenAI មានរឿងរញ៉េរញ៉ៃជាច្រើន រាប់ចាប់ពីការបណ្តេញលោក Sam Altman ចេញពីដំណែង ប្រកាសតែងតាំង CEO ថ្មី និងក្រុមហ៊ុន Microsoft ហៅលោក Sam Altman ទៅធ្វើការជាមួយ ដែលធ្វើឱ្យរឿងនេះ ក្លាយជារឿងដែលកក្រើកជាងគេនៅទូទាំងពិភពលោក។

ក្រោយភ្លៀងមេឃស្រឡះ ដោយពេលថ្មីៗនេះលោក Sam Altman បានបង្ហាះថា លោកបានចរចារជាមួយ OpenAI រួចរាល់ហើយ ហើយលោកនឹងវិលទៅកាន់ដំណែងនៅទីនោះដូចដើមវិញ។ លោកបញ្ជាក់ថា បើទោះបីជាការវិលត្រឡប់ទៅវិញ ក៏ពិតមែនក៏លោកនៅតែសាងភាពជាដៃគូសហការជាមួយ Microsoft ដូចដើម។

គួរជម្រាបដែរថា ការវិលត្រឡប់របស់លោក Sam Altman ទៅកាន់ OpenAI វិញគឺ ដោយសារតែកម្លាំងជម្រុញពីបុគ្គលិក OpenAI ស្ទើរតែទាំងអស់នៃបុគ្គលិកសរុប ៧៧០នាក់ ដែលបានគំរាមចាកចេញពីក្រុមហ៊ុន។ ដូច្នេះហើយទើបបានជា ក្រុមប្រឹក្សាភិបាល OpenAI អញ្ជើញលោក Sam Altman ត្រឡប់មកវិញ នឹងសោកស្តាយនូវការសម្រេចចិត្តខុសមួយពេលរបស់ខ្លួន៕