(បរទេស)៖ តារាចម្រៀងប៉ុបសញ្ជាតិកូឡំប៊ី Shakira ត្រូវបានរាយការណ៍មកថា បានចុះកិច្ចសន្យាថ្មីមួយនៅថ្ងៃដំបូងនៃការបើកសវនាការ ពាក់ព័ន្ធករណីក្លែងបន្លំពន្ធ នៅទីក្រុងបាសេឡូណា ដើម្បីជៀសវាងហានិភ័យនៃការជាប់ពន្ធនាគារ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។

Shakira បានប្រាប់ចៅក្រម José Manuel del Amo នៅថ្ងៃច័ន្ទសប្តាហ៍នេះថា នាងបានទទួលយកកិច្ចព្រមព្រៀងជាមួយព្រះរាជអាជ្ញា។ នាងបានឆ្លើយថា «ចាស» ដើម្បីបញ្ជាក់ពីការទទួលស្គាល់របស់នាង លើចំនួនប្រាំមួយដង នៃការខកខានមិនបានបង់ពន្ធ ដល់រដ្ឋាភិបាលអេស្ប៉ាញនូវចំនួនសរុបជាទឹកប្រាក់ខ្ទង់ ១៥.៨លានដុល្លារអាមេរិក ចន្លោះពីឆ្នាំ២០១២ និង២០១៤។ ក្រោមកិច្ចព្រមព្រៀងនេះ Shakira នឹងទទួលការព្យួរទោសរយៈពេល៣ឆ្នាំ និងត្រូវបង់ប្រាក់ពិន័យចំនួនខ្ទង់ ៨លានដុល្លារអាមេរិក បន្ថែមពីលើពន្ធ និងការប្រាក់ដែលមិនបានបង់ពីមុន។ នាងនឹងបង់ប្រាក់ពិន័យចំនួន ៤៧២,០០០ដុល្លារអាមេរិក ជាថ្នូរនឹងការលើកលែងទោសជាប់ពន្ធនាគារ។

ដូច្នេះមានន័យថា ឥឡូវនេះ Shakira ត្រូវបានកត់ត្រាក្នុងកំណត់ត្រាផ្លូវច្បាប់ហើយថា នាងត្រូវបានគេរកឃើញថា មានពិរុទ្ធពីបទក្លែងបន្លំពន្ធ។ Shakira បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលផ្តល់ដោយក្រុមហ៊ុនមេធាវីរបស់នាងថា នាងចង់តស៊ូនឹងផ្លូវច្បាប់បន្តទៀត ប៉ុន្តែមិនអាចបន្ត ព្រោះគិតគួរដល់គ្រួសារ ,អាជីព និងសន្តិភាពផ្លូវចិត្តជាចម្បង៕