(ភ្នំពេញ)៖ កញ្ញា អេម៉ា (EmMa) គឺជាតារាសម្តែងមួយរូបដែលកំពុងអង្រួនបេះដូងមហាជន ទាំងទេពកោសល្យនៃការសម្តែង និងរូបសម្រស់ដ៏ស្រស់ត្រកាល គួរជាទីគយគន់របស់នាង។ អ្វីដែលធ្វើឲ្យកញ្ញា អេម៉ា (EmMa) ហាក់ផ្ទុះការគាំទ្រ មានប្រជាប្រិយភាពខ្លាំងនោះ គឺការងាកមកផលិតវីដេអូឃ្លីបខ្លីៗ បង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក និង TikTok រហូតមានអ្នកទស្សនាភ្លូកទឹកភ្លូកដីគួរឲ្យកត់សម្គាល់។ កត្តាស្ទុះឡើងទាំងអស់នេះ ត្រូវបានមហាជន និងអ្នកគាំទ្រមើលឃើញថា នាងកំពុងកាក់កបទាំងអាជីពសិល្បៈ និងមុខជំនួញនៅក្នុងដៃ ពោលគឺយីអ៊ុនឡើងក្រឺតៗតែម្ដង។

ជាក់ស្តែងគិតមកទល់នឹងពេលនេះ សម្រាប់គណនី TikTok របស់តារាសម្ដែងកំពុងក្ដោបក្ដាប់ប្រជាប្រិយភាពកញ្ញា អេម៉ា EmMa ដែលមានឈ្មោះថា «@emmakrt369» មានអ្នកតាមដាន (Follower) រហូតទៅដល់ ១.២លាននាក់ និងឡាច ២៣.៧លានឡាច ដែលជាចំនួនមួយដ៏ច្រើនលើសលប់។ ចំណែកឯហ្វេសប៊ុកវិញ មានអ្នកតាមដានរហូតដល់ ១៩,០៧៧នាក់។

ដើមចមដែលជម្រុញឲ្យតារាសម្ដែងកញ្ញា អេម៉ា (EmMa) ចាប់ផ្តើមអាជីពអ្នកផលិតមាតិកាវីដេអូ លើបណ្តាញសង្គម ដោយសារតែជាចំណង់ចំណូលចិត្តផ្ទាល់ខ្លួន ហើយក៏ជាក្តីស្រមៃចង់ក្លាយនខ្លួនជា Content Creator ព្រោះខ្លួនជាតួសម្តែងស្រាប់។

ថ្លែងប្រាប់ Fresh News Plus តារាសម្ដែង អេម៉ា (EmMa) បានប្រាប់ថា «ខ្ញុំគិតថា នេះគឺជាសម័យគេពេញនិយមមាតាវីដេអូ អាស្រ័យហេតុនេះប្រសិនបើចង់ល្បី មានអ្វីទៅពិបាក ដោយគ្រាន់តែសំឡឹងមើលតម្រូវការមហាជនថា ពួកគាត់ចូលចិត្តអ្វី ហើយចង់បានមាតិកាបែបណាដែរ អាស្រ័យហេតុនេះ យើងត្រូវផលិតវីដេអូឲ្យចំគោលដៅរបស់ពួកគាត់»

សូមបញ្ជាក់ផងដែរថា កញ្ញា អេម៉ា (EmMa) បច្ចុប្បន្នមិនត្រឹមតែជាតារាសម្តែង ដែលពោរពេញទៅដោយសមត្ថភាព និងទេពកោសល្យប៉ុណ្ណោះទេ ថែមទាំងជាម្ចាស់អាជីវកម្មលក់គ្រឿងអេឡិត្រូនិក គ្រប់ប្រភេទថែមទៀតផង។ កញ្ញា អេម៉ា ត្រូវបានក្រុមហ៊ុនជាច្រើន កំពុងបណ្តាក់គ្នាធ្វើការផ្សព្វផ្សាយផលិតផល ក៏ដូចជាប្រេនរបស់ខ្លួន តាមរយៈមាតិកាវីដេអូរបស់កញ្ញា ផងដែរ។

ក្រៅពីនេះកញ្ញា អេម៉ា EmMa គឺជាតារាសម្តែងមួយរូបដែលមានទឹកចិត្តសប្បុរសធម៌ តែងតែចូលរួមសកម្មភាពសប្បុរសធម៌ តាមរយៈការបរិច្ចាគថវិកាផ្ទាល់ខ្លួន និងសម្ភារៈប្រើប្រាស់ផ្សេងៗ ជួយដល់កុមារកំព្រា ប្រជាជនក្រីក្រ មនុស្សចាស់ជរា និងមន្ទីរពេទ្រគន្ធបុប្ផាជាដើម៕