(រីយ៉ូ)៖ ក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន បានយកឈ្នះក្រុមម្ចាស់ផ្ទះប្រេស៊ីលទាំងលំបាក ក្នុងលទ្ធផល ១-០ នាយប់មិញនេះ ដែលបន្សល់ទុកស្លាកស្នាមជាច្រើន ដល់ថ្នាក់បង្ហូរឈាមថែមទៀតផង ក្នុងការប្រកួតជម្រុះ World Cup 2026 ប្រចាំតំបន់អាមេរិកឡាទីន។

តាមរយៈការចេញផ្សាយដោយគេហទំព័រកីឡា Dailymail បានឲ្យដឹងនៅថ្ងៃនេះថា ការប្រកួតដែលត្រូវបានធ្វើឡើងនៅ កីឡដ្ឋាន Maracana ស្ថិតក្នុងទីក្រុង Rio de Janiro ដែលមានការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លាផងដែររវាងក្រុមប៉ូលីស និងអ្នកគាំទ្រខាងក្រុមភ្ញៀវ អាហ្សង់ទីន ដោយមានការគប់កៅអីដាក់គ្នា វាយនឹងដំបង និងធ្វើឲ្យការប្រកួតបង្ខំចិត្តពន្យារពេលកន្លះម៉ោងថែមទៀតផង។

តាមរយៈហេតុការណ៍ខាងលើនេះ ពុំទាន់មានប្រភពណាមួយបញ្ជាក់ច្បាស់ពីការផ្ទុះហិង្សានេះនៅឡើយទេ រួមទាំងចំនួនអ្នករបួស និងត្រូវបានចាប់ខ្លួនទៀតផង។

សម្រាប់ ៣ពិន្ទុដ៏តានតឹងក្រៅដីនេះដែរ បានធ្វើឲ្យក្រុមជើងឯក World Cup 2022 អាហ្សង់ទីនឈរនៅកំពូលតារាង ដោយរកបាន ១៥ពិន្ទុពី ៦ប្រកួតនៃជើងទី១ ក្នុងចំណោម ១០ក្រុមនៅតំបន់អាមេរិកខាងត្បូង CONMEBOL គ្រាដែលក្រុមរបស់ Neymar ឈរនៅលេខ៦ ជាមួយនឹង ៧ពិន្ទុ និងស្គាល់រសជាតិចាញ់ជាលើកទី៣ ផងដែរក្នុងវគ្គជម្រុះនេះ៕