(កូរ៉េ)៖ មួយថ្ងៃបន្ទាប់ពីតារា K-pop G-Dragon ធ្វើតេស្តអវិជ្ជមានលើគំរូសក់ហើយនោះ ងាកមកការធ្វើតេស្តលើក្រចករបស់លោក ពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុញៀន គឺបានបង្ហាញលទ្ធផលអវិជ្ជមានទាំងអស់ ខណៈអ្នកគាំទ្ររបស់តារារូបនេះ កំពុងតែព្រួយបារម្ភពីអាយដលរបស់ពួកគេ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Straitstimes នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។

ទីភ្នាក់ងារសារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូងបានរាយការណ៍នៅពីថ្ងៃទី២១ ខែវិច្ឆិកាថា ទីភ្នាក់ងារប៉ូលីសក្រុង Incheon ថ្មីៗនេះបានជូនដំណឹងអំពីលទ្ធផលតេស្ត អវិជ្ជមានលើក្រចកដៃ-ជើងរបស់ G-Dragon ដោយសេវាកោសល្យវិច្ច័យជាតិ។ G-Dragon អាយុ៣៥ឆ្នាំ បានចូលខ្លួនសហការស៊ើបអង្កេត ជាមួយប៉ូលិសកាលពីដើមខែវិច្ឆិកា ជុំវិញការចោទប្រកាន់ពីបទប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ខណៈការធ្វើតេស្តទឹកនោមភ្លាមៗរបស់លោក គឺអវិជ្ជមាន។ ការធ្វើតេស្តគំរូសក់ក៏បានធ្វើតេស្តអវិជ្ជមានផងដែរ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងបានឲ្យដឹងថា លទ្ធផលអវិជ្ជមានជាច្រើនដងមានន័យថា អតីតតារាជួរមុខនៃក្រុមចម្រៀង K-pop BigBang ប្រហែលជាមិនបានប្រើប្រាស់គ្រឿងញៀន តាំងពីឆ្នាំមុនក៏ថាបាន។ G-Dragon ដែលមានឈ្មោះពិតថា Kwon Ji-yong នៅតែបដិសេធម្តងហើយម្តងទៀតថា លោកពិតជាមិនធ្លាប់ប្រើគ្រឿងញៀន ខណៈអ្នកគ្រប់គ្រងក្លឹបរាត្រីម្នាក់ជានារីវ័យ២៩ឆ្នាំ បានអះអាងថា តារារូបនេះបានប្រើប្រាស់គ្រឿងញៀននៅកន្លែងនោះ។ យោងតាម Yonhap រហូតមកទល់ពេលនេះ មនុស្សសរុបចំនួន១០នាក់ រួមទាំង G-Dragon និងតារាសម្តែង Lee Sun-kyun កំពុងត្រូវបានប៉ូលីសស៊ើបអង្កេតពីបទសង្ស័យគ្រឿងញៀន ខណៈសំណុំរឿងមិនទាន់បិទបញ្ចប់នៅឡើយ៕