(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានសម្រេចកត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចាក់ចាយផ្ដាច់មុខផលិតផលម៉ាក Oishi របស់ក្រុមហ៊ុន ស៉ីអេសអេច បេវើរីច (ខេមបូឌា) ឯ.ក។ នេះបើតាមលិខិតដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។

លិខិតរបស់ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់យ៉ាងដូច្នេះថា៖

«ក្រសួងពាណិជ្ជកម្មឯកភាពកត់ត្រាទទួល ស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើផលិតផលភេសជ្ជៈពាក់ម៉ាកខាងលើរបស់ក្រុមហ៊ុន ស៊ីអេសអេច បេវើរីច (ខេមបូឌា) ឯ.ក ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលទទួលបានពីក្រុមហ៊ុន OISHI GROUP | PUBLIC COMPANY LIMITED. ដូចមានចែងក្នុងលិខិតប្រគល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខដែលក្រសួងបានតម្កល់ទុករួចហើយ។

លិខិតកត់ត្រា និងតម្កល់សិទ្ធិផ្តាច់មុខនេះមានសុពលភាពត្រឹមថ្ងៃទី ០២ ខែធ្នូ ឆ្នាំ ២០២៤ ដោយគិតចាប់ពីថ្ងៃចុះហត្ថលេខា ហើយអាចនឹងត្រូវបាត់បង់សុពលភាពជាស្វ័យប្រវត្តិ មុនកាលបរិច្ឆេទផុតកំណត់ខាងលើ ប្រសិនបើមានការជូនដំណឹងអំពីការបញ្ចប់ សិទ្ធិពីក្រុមហ៊ុន OISHI GROUP PUBLIC COMPANY LIMITED. ដែលជាម្ចាស់ម៉ាក។

ចាប់ពីក្រោយរយៈពេល ៩០(កៅសិប)ថ្ងៃ គិតចាប់ពីថ្ងៃចុះហត្ថលេខាលើលិខិតកត់ត្រា និងតម្កល់សិទ្ធិផ្តាច់មុខនេះអ្នក ទទួលសិទ្ធិស្របច្បាប់មានសិទ្ធិប្ដឹងទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចាត់វិធានការរារាំងទំនិញដែលនាំចូលស្របគ្នា។

នីតិបុគ្គលដែលទទួលបានសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខ ត្រូវផ្សព្វផ្សាយលិខិតខាងលើនេះជាបន្ទាន់ក្នុងទំព័រខាងមុខ របស់សារព័ត៌មានក្នុងព្រះរាជាណាចក្រកម្ពុជា និងបណ្តាញសង្គមនានា ហើយត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន»៕