(ភ្នំពេញ)៖ លោក វ៉ាត់ ចំរើន ប្រធានសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បានជំរុញ និងលើកទឹកចិត្តដល់គ្រូបង្វឹកទាំងអស់ ត្រូវខិតខំបណ្ដុះបណ្ដាលកីឡាករ-កីឡាការិនីឲ្យបានច្រើន ពិសេសត្រូវបណ្ដុះគំនិតពួកគេឲ្យមានក្ដីស្រម៉ៃខ្ពស់ ឆ្ពោះទៅរកមេដាយកម្រិតអូឡាំពិកនាថ្ងៃអនាគត។

ការគូសបញ្ជាក់នេះ ធ្វើឡើងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាលើកទម្ងន់អន្តរជាតិ កម្រិត១ បន្ទាប់ពីដំណើរការសិក្សារយៈពេល ៥ថ្ងៃ កាលពីថ្មីៗនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដែលបង្រៀនរបស់លោក Aveenesh Pandoo សមាជិកគណៈកម្មការគ្រូបង្វឹករបស់សហព័ន្ធកីឡាលើកទម្ងន់អន្តរជាតិ។

រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាខាងលើបានបញ្ជាក់ថា ដើម្បីមានធនធានកីឡាករ-កីឡាការិនី ប្រកបដោយគុណផល លុះត្រាមានគ្រូបង្វឹកល្អ ដែលយល់ច្បាស់ពីបច្ចេកទេស និងក្បួនច្បាប់ ដើម្បីជំរុញការហ្វឹកហាត់ពួកគេ ហើយកាន់តែពិសេស គឺគ្រូបង្វឹកត្រូវជំរុញកីឡាករ-កីឡាការិនីទាំងអស់ ត្រូវមានក្ដីសង្ឃឹមជានិច្ច ក្នុងការហ្វឹកហាត់កីឡានេះ ព្រោះជាប្រភេទកីឡាអូឡាំពិក ដែល Fair-Play មិនគិតពីកាយសម្បទា អាយុ ឬជាតិសាសន៍អ្វីឡើយ ពោលគឺត្រូវមានទម្ងន់ស្មើគ្នា ទើបអាចប្រកួតជាមួយគ្នាបាន។

ដូច្នេះក្រោយបញ្ចប់វគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកអន្ដរជាតិកម្រិត១ នេះលោក វ៉ាត់ ចំរើន សង្ឃឹមថា នឹងក្លាយជាធនធានដ៏សំខាន់ ដើម្បីរួមចំណែកបណ្ដុះបណ្ដាល និងផលិតធនធានកីឡាករ-កីឡាការិនីតាមបណ្ដារាជធានី-ខេត្ត។ លើសពីនេះកីឡាករ-កីឡាការិនីទៀតសោត ក៏ត្រូវមានក្ដីស្រម៉ៃទាំងអស់គ្នា ក្នុងការខំប្រឹងហ្វឹកហាត់ ដើម្បីឈានទៅដណ្ដើមមេដាយអូឡាំពិកនៅថ្ងៃណាមួយផងដែរ ដ្បិតក្នុងប្រវត្តិសាស្ដ្រខ្មែរ ពុំធ្លាប់មានកីឡាណាដណ្ដើមបានមេដាយកម្រិតអូឡាំពិកនោះទេ។

សូមបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលរយៈពេល ៥ថ្ងៃដែលបង្រៀនដោយគ្រូឧទ្ទេសអន្ដរជាតិកម្រិតខ្ពស់នេះ មានសិក្ខាកាមចូលរួមចំនួន ២៦នាក់ មកពី ៥រាជធានី-ខេត្ត។ ជាលទ្ធផលទទួលបានពីការសិក្សា សិក្ខាកាមទទួលបានលទ្ធផលល្អ ៤៧% ស្មើនឹង ១៤នាក់, ល្អបង្គួរ ៣៥% ស្នើនឹង ០៧នាក់ និងមធ្យម ២៣% ស្មើនឹង ០៥នាក់៕