(បរទេស)៖ ក្រុមហ៊ុន Huawei បានប្រកាសថា ខ្លួននឹងនៅតែបន្តគាំទ្រកម្មវិធី Android (Android App) សម្រាប់អ្នកប្រើប្រាស់ទូរស័ព្ទ Huawei នៅទូទាំងប្រទេស បើទោះបីជាមានការអភិវឌ្ឍន៍ប្រព័ន្ធប្រតិបត្តិការ HarmonyOS របស់ខ្លួននៅក្នុងប្រទេសចិនក៏ដោយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។

កាលពីពេលថ្មីៗនេះមានរបាយការណ៍មួយចំនួនបានឱ្យដឹងថា ក្រុមហ៊ុន Huawei នឹងទម្លាក់ការគាំទ្រកម្មវិធី Android សម្រាប់ប្រព័ន្ធប្រតិបត្តិការ HarmonyOS នៅក្នុងប្រទេសចិន ដោយធ្វើឱ្យអ្នកប្រើប្រាស់ក្រៅប្រទេសចិនជាច្រើនមានកង្វល់ថា អាចនឹងមានផលប៉ះពាល់ដល់ពួកគេផងដែរ។

តែយ៉ាងណាបើតាមការប្រកាសចុងក្រោយនេះ Huawei បានបញ្ជាក់ថា អ្នកប្រើប្រាស់ Huawei នៅក្រៅប្រទេសទាំងអស់ នឹងនៅតែអាចបន្តប្រើប្រាស់កម្មវិធី Android ដោយមានទំនុកចិត្តជាមួយនឹងកំណែកម្មវិធី EMUI។ មានន័យថា ក្រុមហ៊ុននឹងមិនបញ្ចេញ Software System ថ្មី ឬ ប្រព័ន្ធប្រតិបត្តិការ HarmonyOS ជំនាន់ថ្មីដែលប៉ះពាល់ដល់កម្មវិធី Android ជាសកលនោះទេ ពោលគឺមានតែក្នុងប្រទេសចិនប៉ុណ្ណោះ។

ការសម្រេចចិត្តឈប់ប្រើកម្មវិធី Android នៅលើទូរស័ព្ទ Huawei ក្នុងប្រទេសចិននេះ ក្នុងគោលបំណងដ៏ធំតែមួយគត់គឺ Huawei ព្យាយាមចេញឆ្ងាយពីបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក ក៏ដូចជាការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ដែលដាក់កម្រិតលើការចូលប្រើសេវាទូរស័ព្ទ Android និង Google។

គួជម្រាបដែរថា HarmonyOS ត្រូវបានបង្កើតឡើងកាលពីខែសីហា ឆ្នាំ២០១៩ និងបានដាក់ឱ្យប្រើប្រាស់ជាលើកដំបូង នៅ លើទូរទស្សន៍វៃឆ្លាតរបស់ Huawei សម្រាប់លក់នៅលើទីផ្សារប្រទេសចិន ហើយសម្រាប់ HarmonyOS ជំនាន់ទី២ គឺត្រូវបាន ពង្រីកសម្រាប់ប្រើប្រាស់នៅលើស្មាតហ្វូន និង Tablet។ HarmonyOS គឺជាប្រព័ន្ធប្រតិបត្តិការដែលបង្កើតឡើងដោយក្រុមហ៊ុន Huawei ផ្ទាល់ និងជាជម្រើសជំនួសសម្រាប់ Android និង iOS៕