(ប៉ារីស)៖ ខ្សែបម្រើ Warren Zaire-Emery របស់ក្លិប Paris St. Germain នឹងអវត្តមានរហូតដាច់ឆ្នាំ២០២៣ នេះតែម្តង បន្ទាប់ពីរងរបួសកជើង នៅពេលបំពេញកាតព្វកិច្ចជូនក្នុងក្រុមជម្រើសជាតិមាន់គកបារាំងក្នុងប្រកួតជម្រុះ Euro 2024។

កីឡាករវ័យក្រោម ២០ឆ្នាំរូបនេះបានជួយបារាំងបំបាក់គូប្រជែងហ្ស៊ីប្រាតា ១៤-០ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ ដ្បិតរូបគេបានក្លាយជាកីឡាករបារាំងវ័យក្មេងជាងគេ គិតចាប់តាំងពីឆ្នាំ១៩១៤ និងក៏ជាកីឡាករបារាំងវ័យក្មេងជាងគេបំផុត ដែលរកគ្រាប់បាល់បាននៅជម្រុះ Euro 2024 នៅមុនពេលប៉ះជាមួយខ្សែការពារហ្ស៊ីប្រាតា ត្រង់កជើង ដែលត្រូវបង្ខំចិត្តប្តូរចេញផងដែរ។

«កីឡាករ Warren Zaire-Emery បានរងរបួសកម្រិតមធ្យម នៅត្រង់កជើងខាងស្តាំរបស់លោក និងបន្តស្ថិតក្រោមការព្យាបាលរហូតដល់ការឈប់សម្រាកសម្រាប់រដូវរងា»។ នេះបើតាមក្លិប PSG បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ដែលត្រូវបានដកស្រង់ចេញផ្សាយដោយគេហទំព័រកីឡា Channel News Asia នៅថ្ងៃនេះ។

Zaire-Emery បានខកខានការប្រកួតជម្រុះលើកចុងក្រោយរបស់បារាំង ដែលបានបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ២-២ ទល់នឹងម្ចាស់ផ្ទះក្រិចនៅរាត្រីថ្ងៃអង្គារ។ លោកក៏មិនអាចលេងបាន ក្នុងការប្រកួតចំនួន ៥លើកខាងមុខរបស់ PSG ដែរក្នុង Ligue 1 និងការប្រកួតក្នុងពូលចំនួន ២លើកចុងក្រោយនៃក្របខណ្ឌ UEFA Champions League ផងដែរ៕