(បរទេស)៖ អាល្លឺម៉ង់ ប្រទេសម្ចាស់ផ្ទះ Euro 2024 បានរងបរាជ័យ ២ប្រកួតជាប់ៗគ្នាចុងក្រោយនេះ ក្រោមការដឹកនាំ របស់លោក Julian Nagelsmann ដែលត្រូវបានតែងតាំងជំនួសកៅអីលោក Hansi Flick នាខែកញ្ញាមក។

ក្រុមខ្លាំងប្រចាំទ្វីបអឺរ៉ុបមួយនេះ បានរងបរាជ័យ ២-០ នៅក្នុងផ្ទះរបស់អូទ្រីសនៃជំនួបមិត្តភាពអន្តរជាតិនាយប់មិញនេះ បន្ទាប់ពីពួកគេទើបតែលេងចាញ់តួកគី ៣-២ ផងដែរក្នុងផ្ទះកាលពីសប្តាហ៍មុន ក្នុងជំនួបមិត្តភាពដូចគ្នា។

ក្នុងជំនួបដ៏ស្វិតស្វាញនោះដែរ កីឡាករ Leroy Sane បានទទួលបានកាតក្រហមលើកដំបូង ក្នុងអាជីពបាល់ទាត់របស់គេ នាមជាខ្សែប្រយុទ្ធដែលត្រូវបានជ្រើសរើសចេញពីក្លិបក្នុងស្រុក Bayern Munich។

បុរសវ័យ ៣៦ឆ្នាំ Nagelsmann ត្រូវបានតែងតាំងដឹកនាំឲ្យដឹកនាំអាល្លឺម៉ង់ ក្រោមកិច្ចសន្យារហូតចប់ Euro 2024 តែម្តង ពោលគឺត្រឹមខែកក្កដា ឆ្នាំក្រោយ ដ្បិតទើបដឹកនាំបាន ៤ប្រកួតមកនេះសម្រាប់អតីតគ្រូបង្វឹក Bayern Munich រូបនេះទទួលបានលទ្ធផល ឈ្នះ១ ស្មើ១ និងចាញ់២។

ទាំងតួកគី និងអូទ្រីស សុទ្ធតែមានកៅអីលេងពាន European Championship ជំនាន់ទី១៧ ដូចគ្នា ចាប់ពីថ្ងៃទី១៤ ខែមិថុនា ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ ក្រោយពេលពិធីចាប់ឆ្នោតបែងចែកពូល នឹងធ្វើឡើងនាថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុង Munich ប្រទេសអាល្លឺម៉ង់៕