(បរទេស)៖ ក្រុមបាល់ទាត់ជម្រើសជាតិក្រូអាត បានឈ្នះកៅអីដោយស្វ័យប្រវត្តិ ក្នុងការឡើងទៅលេងជុំចុងក្រោយពាន នៃពានរង្វាន់អឺរ៉ុប Euro 2024 នៅប្រទេសអាល្លឺម៉ង់ ខណៈវ៉េលត្រូវលេងជម្រុះជាបន្តទៀតនាខែមីនា ឆ្នាំក្រោយ។

តាមរយៈការចេញផ្សាយដោយគេហទំព័រកីឡា BBC បានឲ្យដឹងថា ក្រឡាអុកក្រូអាតជាក្រុមទី២១ ដែលបានយកឈ្នះ ១-០ ទៅក្រុមភ្ញៀវអាមេនីនាយប់មិញនេះ បានធ្វើឲ្យពួកគេបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ ប្រចាំពូល D បន្ទាប់ពីតួកគីឈរនៅកំពូលតារាង ដ្បិតវ៉េល ឈរនៅលេខ៣ ពេលលេងស្មើជាមួយតួកគីក្នុងដីផងនោះ។

កីឡាករ Ante Budimir ជាអ្នករកបានគ្រាប់បាល់ជ័យជម្នះនៅនាទីចុងម៉ោងនៃវគ្គទី១ ពីការបញ្ជូនរបស់មិត្តរួមក្រុម Borna Sosa ក្នុងថ្ងៃប្រកួតបិទពូល D ក្នុងចំណោម ៥ក្រុម ដើម្បីជួយអតីតជើងឯករង World Cup 2018 មួយនេះ ឡើងទៅវគ្គ ២៤ក្រុមនៅប្រទេសអាល្លឺម៉ង់នាឆ្នាំ២០២៤ និងជាលើកទី៦ ជាប់ៗគ្នាផងដែរសម្រាប់ពួកគ ក្នុងការឡើងទៅលេងពាន Euro ជុំផ្តាច់ព្រ័ត្រ គិតចាប់តាំងពីឆ្នាំ២០០៤ មក។

ក្រុមដែលដឹកនាំដោយបុរសញ្ជាតិក្រូអាតផងនោះ គឺលោក Zlatko Dalic បានឡើងទៅចាប់ឆ្នោតបែងចែកពូល ដែលនឹងធ្វើឡើងនាថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខក្នុងទីក្រុងម៉ូនិច ប្រទេសអាល្លឺម៉ង់ បើទោះបីជានៅសល់ ៣ក្រុមទៀត ត្រូវលេងជម្រុះក្នុងខែមីនាក៏ដោយ៕