(បរទេស)៖ ថ្មីៗនេះក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម X ដែលពីមុនត្រូវបានគេស្គាល់ថាជា Twitter បានដាក់ពាក្យប្តឹងក្រុមឃ្លាំមើលប្រព័ន្ធផ្សព្វផ្សាយអាមេរិកមួយដែលមានឈ្មោះថា Media Matters ដោយចោទប្រកាន់ពីបទបរិហាកេរ្តិ៍។ បញ្ហានេះបានកើតឡើងក្រោយ Media Metters ចេញផ្សាយរបាយការណ៍ដែលអះអាងថា ការផ្សាយពាណិជ្ជកម្មសម្រាប់ម៉ាកយីហោធំៗនៅលើ X គឺមានលក្ខណៈជ្រុលនិយម និងប្រឆាំងសាសនា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣។

ជុំវិញរបាយការណ៍របស់ Media Matters បានលើកឡើង X ដែលជាបណ្តាញផ្សព្វផ្សាយរបស់ Elon Musk បានបង្ហោះខ្លឹមសារពាក់ព័ន្ធនឹងការឃោសនានយោបាយ សាសនា និងមានលក្ខណៈជ្រុលនិយម។ ខណៈខ្លឹមសារទាំងអស់នោះត្រូវបានគេរកឃើញថា បានភ្ជាប់ទៅនឹងមាតិការរបស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗរួមមាន Apple, Oracle និង Amazon ដែលក្រុមហ៊ុនទាំងនេះត្រូវបានគេស្គាល់ថា ជាអ្នកផ្សាយពាណិជ្ជកម្មដ៏ធំនៅលើ X។

ជាការឆ្លើយតបទៅនឹងរបាយការណ៍នេះ X បានដាក់ពាក្យបណ្តឹងប្រឆាំងនឹង Media Matters ដោយចោទប្រកាន់ថាអង្គការនេះបានបង្ខូចកេរ្តិ៍ឈ្មោះបណ្តាញផ្សព្វផ្សាយរបស់ខ្លួន ហើយថាការលើកឡើងនេះគឺជាការផ្សព្វផ្សាយព័ត៌មានមិនពិត និងបំភាន់ដល់អ្នកប្រើប្រាស់។ តែយ៉ាងណាជុំវិញចំណាត់ការផ្លូវច្បាប់នេះនៅមិនទាន់មានការបញ្ជាក់នៅឡើយនោះទេ ថាតើនឹងមានដំណោះស្រាយយ៉ាងណារវាង X និង Media Matters នោះ។

គួរជម្រាបដែរថា ក្រោយទទួលបានរបាយការណ៍ដែលថា X ឃុបឃិតនឹងការផ្សព្វផ្សាយបែបនេះភ្ជាប់ជាមួយនឹងក្រុមហ៊ុនដែលដាក់ផ្សាយពាណិជ្ជកម្មនោះមានម៉ាក់យីហោមួយចំនួនដូចជា IBM, Comcast និងអ្នកផ្សាយពាណិជ្ជកម្មផ្សេងជាច្រើនទៀត បានប្រកាសដកការផ្សាយពាណិជ្ជកម្មរបស់ពួកគេចេញពី X តែម្តង៕