(អាមេរិក)៖ កាលពី៤ថ្ងៃមុន តារាចម្រៀងស្រី R&B Cassandra Ventura បានដាក់ពាក្យប្តឹង ប្រឆាំងនឹងអតីតមិត្តប្រុស Sean Combs ដោយចោទថា បានធ្វើបាបរូបរាងកាយ ការជួញដូរ និងរំលោភផ្លូវភេទលើរូបនាង ដោយបង្ខំនាងឲ្យចូលរួមក្នុងសកម្មភាពផ្លូវភេទ ជាមួយបុរសលក់ខ្លួនជាច្រើន ដែលតារារ៉េបរូបនេះជួលមក ខណៈរូបគេអង្គុយមើល និងថតវីដេអូទុកមើល ដើម្បីភាពរីករាយរបស់ខ្លួន។ តែយ៉ាងណា នៅពេលនេះពាក្យបណ្តឹងរបស់នាង ត្រូវបានតុលាការច្រានចោលហើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន International The News នៅថ្ងៃតី២១ ខែវិច្ឆិកា ឆ្នាំ២០២៣។

ឯកសាររបស់តុលាការ ដែលបានចេញនៅថ្ងៃទី២០ ខែវិច្ឆិកា បានបញ្ជាក់ថា តាមរយៈ «ដោយអនុលោមតាមកិច្ចព្រមព្រៀងរវាងភាគីទាំងសងខាង, ដើមចោទបានព្រមព្រៀងដកពាក្យបណ្តឹងវិញ និងមិនមានសំណងអ្វីទាំងអស់»។ តែតារាស្រី Ventura នឹងមិនអាចដាក់ពាក្យបណ្តឹងដូចគ្នានេះម្តងទៀត ទៅតុលាការនៅថ្ងៃក្រោយឡើយ។

គួរជម្រាបថា ការច្រានចោលពាក្យបណ្តឹងនេះពីតុលាការ គឺបានកើតឡើងតែពីរថ្ងៃប៉ុណ្ណោះ បន្ទាប់ពី Combs និង Ventura បានប្រកាសថា ពួកគេបានដោះស្រាយបណ្តឹងនេះរួចរាល់ ដោយបង្ហាញនៅក្នុងសេចក្តីថ្លែងការណ៍រៀងៗខ្លួនថា ពួកគេបានសម្រេចចិត្ត «ដោះស្រាយរឿងនេះដោយសន្តិវិធី»។ ទោះជាយ៉ាងណា លក្ខខណ្ឌនៃការដោះស្រាយមិនត្រូវបានគេបង្ហាញឲ្យដឹងនោះទេ។

គួរជម្រាបថា លោក Combs អាយុ៥៤ ឆ្នាំ ជាស្ថាបនិកផលិតកម្ម Bad Boy Records គឺជាអ្នកផលិត និងនាយកប្រតិបត្តិដ៏មានឥទ្ធិពលបំផុតម្នាក់ នៅក្នុងវិស័យហ៊ីបហប។ លោកក៏ទទួលជោគជ័យយ៉ាងខ្លាំងផងដែរ ក្នុងមុខជំនួញប្រេនសម្លៀកបំពាក់ Sean John (ស្ហន ចន)។ នៅឆ្នាំ២០១៧ ទស្សនាវដ្ដី Forbes (ហ្វប់ស៍) បានចាត់ថ្នាក់លោកជាតារាចម្រៀង មានប្រាក់ចំណូលខ្ពស់បំផុតរបស់ពិភពលោក បន្ទាប់ពីអាចរកបានប្រហែល ១៣០លានដុល្លារក្នុងមួយឆ្នាំ៕