(ភ្នំពេញ)៖ សហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីងកម្ពុជា បានបើកវគ្គបណ្ដុះបណ្ដាលមន្ដ្រីបច្ចេកទេស អាជ្ញាកណ្ដាល-ចៅក្រម ដើម្បីពង្រឹងសមត្ថភាពត្រៀមទទួលរៀបចំការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិនានា ស្របពេលកីឡាក្មេងខ្ចីមួយនេះ កំពុងសាងភាពជោគជ័យជាបន្ដបន្ទាប់ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម។

ពិធីបើកវគ្គបណ្ដុះបណ្ដាលខាង បានធ្វើឡើងក្រោមវត្តមានលោក តែម ម៉ឺន អនុរដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានកិត្តិយសសហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីងកម្ពុជា និងនាយកដ្ឋានអប់រំកាយ និងកីឡា នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣។ វគ្គនេះមានរយៈពេល ៥ថ្ងៃ និងមានសិក្ខាកាម ៤៥នាក់ចូលរួម។

លោក ហេង សុខឃន ប្រធានសហព័ន្ធកីឡាឃីកបុកស៊ីងកម្ពុជា បានបញ្ជាក់ថា នេះជាលើកដំបូងហើយ ដែលសហព័ន្ធ ទទួលបានគម្រោងថវិកាឧបត្ថម្ភគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីរៀបចំវគ្គដ៏មានសារៈសំខាន់នេះ ដើម្បីពង្រឹងសមត្ថភាពមន្ដ្រីបច្ចេកទេស អាជ្ញាកណ្ដាល-ចៅក្រម ឲ្យមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការទទួលរៀបចំការប្រកួត ទាំងថ្នាក់ជាតិ និងអន្ដរជាតិ។

សហព័ន្ធបានខិតខំអភិវឌ្ឍន៍ខ្លួន ទាំងការងាររដ្ឋបាល ការងារហ្វឹកហ្វឺនដល់កីឡាករ-កីឡាការិនី ទាំងការងារបច្ចេកទេស ដល់គ្រូបង្វឹក មន្ត្រីបច្ចេកទេសក្នុងការប្រកួត ដើម្បីធានាបាននូវភាពរីកចម្រើនយូរអង្វែង។ កន្លងមកសហព័ន្ធបានចូលរួមការប្រកួតអន្ដរជាតិ ហើយសម្រេចបានសមិទ្ធផលជាច្រើន ជាក់ស្ដែង ស៊ីហ្គេម ឆ្នាំ២០១៩ នៅហ្វីលីពីន កម្ពុជាដណ្ដើមបានមេដាយសំរឹទ្ធ ៣ និងស៊ីហ្គេម ឆ្នាំ២០២២ នៅវៀតណាម ដណ្ដើមបានមេដាយមាស ១ ប្រាក់ ៣ និងសំរឹទ្ធ ១។ អ្វីដែលពិសេស គឺស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ដែលក្រុមកីឡាឃីកបុកស៊ីង ដណ្ដើមបានមេដាយរហូតដល់ ១៣គ្រឿង (មាស ៦ ប្រាក់ ១ និងសំរឹទ្ធ ៦)។

ជាមួយភាពជោគជ័យជាបន្ដបន្ទាប់ ក្នុងការប្រកួតអន្តរជាតិនេះ បានជំរុញឲ្យសហព័ន្ធកីឡាឃីកបុកស៊ីងកម្ពុជា ត្រូវខិតខំពង្រឹងធនធានមនុស្សកាន់តែខ្លាំង ទាំងធនធានកីឡាករ-កីឡាការិនី ទាំងធនធានមន្ត្រីបច្ចេកទេស អាជ្ញាកណ្តាល ចៅក្រម ដើម្បីត្រៀមរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ ក៏ដូចជារៀបចំការប្រកួតអន្ដរជាតិនានា ពិសេសការត្រៀមលក្ខណៈសម្បត្តិធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាយុវជនអាស៊ី លើកទី៥ នាឆ្នាំ២០២៩ តែម្ដង។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក ហេង សុខឃន៕