(ភ្នំពេញ)៖ អង្គការ PSI កម្ពុជា បានរៀបចំការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់ Number One Football Cup​ (NOFC) លើកដំបូង ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព រវាងបុគ្គលិកខ្លួន និងរួមចំណែកគាំទ្រចលនាកីឡាជាតិ តាមរយៈកីឡាបាល់ទាត់នេះផងដែរ។

ថ្លែងក្នុងពិធីបើកការប្រកួតពានរង្វាន់ខាងលើ លោកស្រី ជី សុជាតិ នាយិកាប្រចាំប្រទេសនៃអង្គការ PSI កម្ពុជា បានបញ្ជាក់ថា នេះជាលើកដំបូងហើយ សម្រាប់ការរៀបចំពានរង្វាន់បាល់ទាត់ បន្ទាប់ពីអង្គការបានធ្វើសកម្មភាពជាច្រើន ដើម្បីរួមចំណែកជួយដល់ការងារសង្គម ពិសេសពាក់ព័ន្ធសេវាសុខភាពនាពេលកន្លងមក។

លោកស្រីបន្ដថា «នេះជាលើកទី១ ដែលយើងរៀបចំ ក្នុងគោលបំណង ចង់ឲ្យបុគ្គលិកយើងមានសុខភាពល្អ បង្កើនមិត្តភាព សាមគ្គីភាព និងទំនាក់ទំនង ក៏ដូចជារួមចំណែកគាំទ្រវិស័យកីឡាបាល់ទាត់ជាតិ។ ការប្រកួតនេះ មានតែក្រុមបុគ្គលិកអង្គការ PSI តែយើងក៏មានផែនការចូលរួមប្រកួតផ្សេងៗ ហើយបើមានរៀបចំក្រោយៗ យើងនឹងបើកឲ្យមានការចូលរួមកាន់តែទូលាយថែមទៀត»

សម្រាប់ពានរង្វាន់ NOFC លើកទី១ នេះដែរ គឺមាន ៥ក្រុមចូលរួម និងគ្រោងចំណាយពេល ៦សប្ដាហ៍ ដើម្បីស្វែងរកជើងឯក ដោយប្រើរូបមន្ដប្រកួតវិលជុំសន្សំពិន្ទុ។ បន្ទាប់មកក្រុមមានពិន្ទុខ្ពស់ជាងគេ ៤ក្រុម នឹងត្រូវប្រកួតខ្វែង ដើម្បីស្វែងរកក្រុមឈ្នះឡើងវគ្គផ្ដាច់ព្រ័ត្រ និងធ្វើការប្រកួតដណ្ដើមជើងឯក នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខ នៅទីលាន T-Soccer រាជធានីភ្នំពេញ៕