(បរទេស)៖ ទីបំផុតក្រុមហ៊ុនផលិតស្មាតហ្វូនចិន OnePlus បានបញ្ជាក់ពីកាលបរិច្ឆទប្រកាសចេញ កំពូលស្មាតហ្វូន OnePlus 12 ជាផ្លូវការហើយ ដែលត្រៀមប្រារព្ធឡើងនៅថ្ងៃទី០៤ ខែធ្នូខាងមុខនេះ។ ខណៈព្រឹត្តិការណ៍នេះ នឹងរៀបចំនៅក្នុងពិធីអបអរគម្រប់ខួប ១០ឆ្នាំរបស់ក្រុមហ៊ុនស្រាប់តែម្តង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣។

យោងតាមរបាយការណ៍កន្លងមកបានរំពឹងថា នៅក្នុងព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ២០២៣ របស់ក្រុមហ៊ុន OnePlus នឹងមានប្រកាសបង្ហាញនូវវត្តមានស្មាតហ្វូន OnePlus Ace 3 ឬ OnePlus 12R ជំនាន់ថ្មីមកផងដែរ។

OnePlus 12 ត្រូវបានគេរំពឹងថានឹងមានការធ្វើបច្ចុប្បន្នភាពរូបរាង ក៏ដូចជាមុខងារច្រើនជាងម៉ូដែល OnePlus 11 ជំនាន់មុន។ វាមានពាក្យចចាមអារ៉ាមថានឹងបំពាក់ដោយបន្ទះឈីប Snapdragon 8 Gen 3 របស់ក្រុមហ៊ុន Qualcomm នឹងមានអេក្រង់ទំហំ ៦.៨២ អ៊ីញ ប្រភេទ LTPO OLED ជាមួយនឹងអត្រា refresh rate 120Hz ខណៈដែលទំហំ RAM នឹងបន្ថែមដល់ 24GB (ជីហ្គាបៃ) និង ទំហំផ្ទុករហូតដល់ 1TB (តេហ្គាបៃ)។ លើសពីនេះទៅទៀត OnePlus 12 នឹងត្រូវបានបំពាក់ដោយថាមពលខ្លាំង 5400mAh (មីលីអំពែម៉ោង) ជាមួយនឹងការសាកថ្មលឿនរហូតដល់ 100W (វ៉ាត់) ឯណោះ។

គួររំលឹកដែរថា ក្រុមហ៊ុន OnePlus ត្រូវបានបង្កើតឡើងដោយលោក Carl Pei (បច្ចុប្បន្នជា CEO ប្រចាំក្រុមហ៊ុន Nothing) និងលោក Pete Lau ហើយត្រូវបានបើកដំណើរការឧស្សាហកម្មផលិតស្មាតហ្វូនរបស់ខ្លួនជាផ្លូវការនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០១៣ មកម្លេះ៕