(ភ្នំពេញ)៖ បន្ទាប់ពីមានព័ត៌មានចរចាមអារ៉ាម ពាក់ព័ន្ធនឹងក្លិបភ្នំពេញក្រោន នាំចូលកីឡាករសញ្ជាតិហូឡង់ Jelle Goselink មកជួយក្រុមនៅជុំទី២ នៃលីគកំពូលកម្ពុជា នៅព្រឹកថ្ងៃអង្គារនេះ ក្រុមសិង្ហក្រហម បានប្រកាសជាផ្លូវការហើយ ក្នុងការកិច្ចសន្យាជាមួយខ្សែប្រយុទ្ធវ័យ ២៤ឆ្នាំរូបនេះ មកកាន់កីឡដ្ឋាន Smart RSN របស់ខ្លួន។

នេះគឺជាការផ្ទេរដ៏គួរឲ្យចាប់អារម្មណ៍មួយ សម្រាប់ក្រុមការពារតំណែងជើងឯកភ្នំពេញក្រោន ក្នុងការនាំយកកីឡាករដ៏មានបទពិសោធន៍ ដែលធ្លាប់លេងនៅលីគកំពូលហូឡង់មកកាន់ទឹកដីកម្ពុជា។ Jelle Goselink ធ្លាប់លេងឲ្យក្លិបជាច្រើន ដូចជាក្លិប Almere City, Jong Almere City, Helmond Sport និងចុងក្រោយលេងឲ្យក្លិបលីគកំពូលឥណ្ឌូនេស៊ី Borneo Samarinda មុនផ្ទេរមកភ្នំពេញក្រោនពេលនេះ។

គួរដឹងថា សម្រាប់សមាសភាពកីឡាករបរទេសរបស់ក្រុមភ្នំពេញក្រោនបច្ចុប្បន្ន គឺមានខ្សែការពារជប៉ុន Takaki Ose, ខ្សែការពារកូតាអាស៊ានសញ្ជាតិមីយ៉ាន់ម៉ា Soe Moe Kyaw, ខ្សែបម្រើប្រេស៊ីល Denilwon, ខ្សែប្រយុទ្ធកូឡុំប៊ី Andres Nieto និងខ្សែប្រយុទ្ធចំណូលថ្មី Jelle Goselink។ រីឯកីឡាករ Yudai Ogawa ត្រូវបានប្ដូរពីកូតាកីឡាករបរទេស មកលេងជាកីឡាករកម្ពុជា បន្ទាប់ពីសញ្ជាតិដើមជប៉ុនរូបនេះ ទទួលបានសញ្ជាតិខ្មែរ និងទទួលបានការអនុញ្ញាតឲ្យលេងក្នុងនាមកូតាកីឡាករខ្មែរ ពីសហព័ន្ធ ក៏ដូចជាក្រុមហ៊ុនលីគកាលពីថ្មីៗ៕