(បរទេស)៖ ចំនួន ២០ក្រុម (ប្រទេស) បានឈ្នះកៅអីដោយស្វ័យប្រវត្តិហើយ ដើម្បីឡើងទៅលេងជុំផ្តាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍ពានរង្វាន់ជើងឯកប្រចាំទ្វីបអឺរ៉ុប UEFA European Champions នៅប្រទេសអាល្លឺម៉ង់នាឆ្នាំក្រោយនេះ មុនពេលក្រូអាត និងវ៉េល ប្រកួតបិទពូល D រាត្រីនេះ។

Euro 2024 ជំនាន់ទី១៧ នឹងចាប់ផ្តើមប្រកួតវគ្គ ២៤ក្រុមសន្សំពិន្ទុតាមពូលនីមួយៗ ចាប់ពីថ្ងៃទី១៤ ខែមិថុនា និងផ្តាច់ព្រ័ត្រលេងនៅថ្ងៃទី១៤ ខែកក្កដា នៅទូទាំង ១០កីឡដ្ឋាន ស្ថិតក្នុង ១០ទីក្រុងផងដែរនៅទូទាំងប្រទេសអាល្លឹម៉ង់តែមួយគត់។

ដូចគ្នានោះដែរ ការប្រកួតជម្រុះតាមពូលចាប់ពីពូល A ដល់ពូល J ត្រូវបានបញ្ចប់ជាស្ថាពរហើយនាយប់មិញនេះ លើកលែងតែពូល B, D និងពូល I ដែលនៅសល់ ១ប្រកួតដូចគ្នា ដ្បិតក្រូអាត និងវ៉េល កំពុងប្រទាញប្រទង់គ្នាយប់នេះ ដែលនៅសល់ ១កៅអីទៅ Euro 2024 នៅពេលតួកគី កក់កៅអីរួចរាល់ហើយ ក្រោយបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលតារាងនោះ។

ក្រុមលេខ២ ក្រូអាត ដែលមាន ១៣ពិន្ទុក្នុងពូល D ត្រូវស្វាគម៍ក្រុមហាលអាវអាមេនី ដ្បិតត្រូវការត្រឹមស្មើ ស្របពេលក្រុមលេខ៣ វ៉េលមាន ១១ពិន្ទុ ត្រូវប៉ះក្រុមកំពូលតារាងតួកគី ត្រូវការឈ្នះដាច់ខាត ដោយមិនរំពឹងកៅអីលេងវគ្គជម្រុះ ដែលនឹងធ្វើឡើងនាខែមីនា ឆ្នាំ២០២៤ ឡើយ។

អាល្លឺម៉ង់ ដែលមិនលេងវគ្គជម្រុះ ក្នុងនាមម្ចាស់ផ្ទះនោះបានចូលរួមជាមួយ ១៩ក្រុមផ្សេងទៀត ដែលត្រៀមចាប់ឆ្នោតបែងចែកពូលនាថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខរួមមាន អាល់បានី អូទ្រីស ប៊ែលហ្សិក សាធារណរដ្ឋឆេក ដាណឺម៉ាក អង់គ្លេស បារាំង ហុងគ្រី អ៊ីតាលី ហូឡង់ ព័រទុយហ្គាល់ រ៉ូម៉ានី ស្កុតឡេន ស៊ែប៊ី ស្លូវ៉ានី ស្លូវ៉ាគី អេស្ប៉ាញ ស្វីស និងតួកគី៕