(ភ្នំពេញ)៖ «យើងទាំងអស់គ្នា គឺជាសកម្មជន ក្នុងការអភិរក្ស និងអភិវឌ្ឍន៍គុនខ្មែរយើង» នេះគឺជាសម្ដីលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដែលអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ ចូលរួមផ្សព្វផ្សាយ ដើម្បីរុញក្បាច់គុនអត្តសញ្ញាណជាតិមួយនេះឲ្យកាន់តែល្បីល្បាញ និងមានការទទួលស្គាល់ជាសកលលើឆាកអន្ដរជាតិ។

ការគូសបញ្ជាក់នេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការប្រកួតប្រដាល់គុនខ្មែរជើងឯកពិភពលោក លើកទី៤ កាលពីថ្ងៃទី២០ ខែវិច្ឆិកាម្សិលមិញ ដ្បិតការប្រកួតនៅទឹកដីអង្គរ ខេត្ដសៀមរាប គ្រោងរៀបចំរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៦-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនាអំឡុងពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ ដោយមានកីឡាករ-កីឡាការិនីជិត ១០០នាក់ មកពី ១៧ប្រទេសចូលរួមប្រកួត ហើយក្នុងឱកាសនោះ ក៏នឹងមានរៀបចំសន្និបាតសហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្ដរជាតិដែរ។

លោក វ៉ាត់ ចំរើន បានថ្លែងថា គោលបំណង នៃការរៀបចំព្រឹត្តិការណ៍ប្រដាល់គុនខ្មែរពិភពលោកនេះ គឺដើម្បីខ្មែរ ព្រោះជាកីឡាអត្តសញ្ញាណជាតិខ្មែរ ដែលពលរដ្ឋខ្មែរ ទាំងក្នុង និងក្រៅប្រទេស ត្រូវចាត់ទុកជាទ្រព្យសម្បត្តិជាតិរបស់ខ្លួន។ ដូច្នេះការប្រកួតនេះ គឺមានបេសកកម្មសំខាន់ៗ២ ក្នុងដំណើរការ នៃការធ្វើសកម្មភាព ដើម្បីប្រដាល់គុនខ្មែរ។

លោកថា «បេសកកម្មទី១-យើងធ្វើសកម្មភាព ដើម្បីអភិរក្ស។ អភិរក្ស បានន័យថា យើងថែរក្សាអ្វីដែលដូនតាយើងបានបន្សល់ទុកមក យើងមានគុនខ្មែរ ល្បុក្កតោ និងក្បាច់គុនផ្សេងៗទៀត ខ្មែរយើងមានច្រើន។ ប៉ុន្ដែឥឡូវនេះ យើងរុញគុនខ្មែរបស់យើង រៀបចំឲ្យមានស្ថានភាពមួយដែលអភិរក្សបាន។ ឯបេសកកម្មទី២ គឺអភិវឌ្ឍន៍។ បើយើងអភិរក្ស បានន័យថា យើងថែរក្សា និងកំណត់អត្តសញ្ញាណថា ជារបស់ខ្មែរ តែយើងអភិវឌ្ឍន៍ ដើម្បីតាមឲ្យទាន់ទីផ្សារ ទាន់សម័យកាល បើយើងយកការអភិវឌ្ឍ ក្នុងសម័យអង្គរផ្សេង តែអភិវឌ្ឍន៍ក្នុងសម័យនេះ ត្រូវមានការរៀបចំមួយ ឲ្យមនុស្សក្នុងសម័យនេះទទួលបាន»។

«មនុស្សក្នុងសម័យនេះ ទទួលបាននូវក្បាច់គុនមួយ ដែលមានការជឿនលឿន ក្បាច់គុនមួយ ដែលមានភាពរឹងមាំ ក្បាច់គុនមួយដែលមានការអប់រំបន្ថែមលើការអប់រំ។ វាទៅជាការអប់រំ ឲ្យវាក្លាយទៅជាប្រព័ន្ធនៃការអប់រំក្បាច់គុន ព្រោះក្បាច់គុន គឺការអប់រំ អប់រំចិត្ត អប់រំកាយ អប់រំចរិតលក្ខណៈរបស់យើង និងអប់រំសីលធម៌ ក្នុងការធ្វើសកម្មភាពក្បាច់គុនរបស់យើង ដែលគេតែងនិយាយថា មនុស្សមានក្បាច់គុនក្នុងខ្លួនកាន់តែខ្លាំង គឺជាមនុស្ស ដែលគុណធម៌កាន់តែខ្ពស់»។ លោក វ៉ាត់ ចំរើន បន្ថែម។

លោកបន្ដថា «ជារួមយើងត្រូវស្រែកក្នុងភាសាបេះដូងយើងទាំងអស់គ្នាថា យើងឈានទៅរកគោលដៅតែមួយ ក្ដីសង្ឃឹមតែមួយ គឺការអភិរក្ស និងអភិវឌ្ឍន៍គុនខ្មែរ។ បើយើងទាំងអស់គ្នា មានភាពបរិសុទ្ធ និងភាពស្មោះត្រង់ឆ្ពោះទៅរកការអប់រំ និងអភិវឌ្ឍន៍គុនខ្មែរ យើងត្រូវតែជ្រះថ្លាទាំងអស់គ្នា គឺធ្វើដោយសាមគ្គីភាព។ គ្មានខ្មែរណាម្នាក់ ដែលបដិសេធចូលរួមគាំទ្រគុនខ្មែរ ផ្សព្វផ្សាយទៅក្រៅប្រទេសទេ គឺយើងមិនត្រូវដាក់នូវភាពអវិជ្ជមាននេះទេ។ ខ្មែរប្រុស-ស្រី ដែលតែមានឈាមជ័រខ្មែររបស់យើង គឺត្រូវតែគាំទ្រការអភិរក្ស និងអភិវឌ្ឍន៍គុនខ្មែរ»

ដើម្បីក្លាយជាសកម្មជន ក្នុងការអភិរក្ស និងអភិវឌ្ឍន៍គុនខ្មែរ លោក វ៉ាត់ ចំរើន បានអំពាវនាវឲ្យខ្មែរគ្រប់រូប បង្ហាញភាសាបេះដូងថា គាំទ្រ «គុនខ្មែរ» ដើម្បីឈានទៅរកគោលដៅរួមមួយ ដោយជោគជ័យ។ លោកសង្កត់ធ្ងន់ថា «យើងមាមហិច្ឆតាធំណាស់ មហិច្ឆតារបស់យើង កាលណាមានមហិច្ឆតា មានគោលដៅច្បាស់លាស់។ មហិច្ឆតារបស់យើង គឺចង់ឲ្យកីឡានេះ មានប្រជាប្រិយភាពក្នុងតំបន់ និងលើពិភពលោក បន្ទាប់ពីគុនខ្មែរ ត្រូវបានទទួលស្គាល់ផ្លូវច្បាប់ជាផ្លូវការ ក្នុងធម្មនុញ្ញក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍រួចមក»