(ប៉ាសេឡូណា)៖ ក្លិប FC Barcelona បានបញ្ជាក់ថា ខ្សែបម្រើវ័យក្មេង Gavi បានជួបបញ្ហារបួសរហែកសរសៃចងជង្គង់ខាងមុខ (ACL) នៃជើងខាងស្តាំ ដែលរបួសនេះកើតឡើងពេលលេងឱ្យក្រុមជម្រើសជាតិអេស្ប៉ាញ ហើយនឹងត្រូវធ្វើការការវះកាត់ព្យាបាល ដោយអាចនិងអវត្តមានរយៈពេលចន្លោះ ៨ ទៅ ១០ខែ។ នេះបើយោងតាមសារព័ត៌មាន BBC បានចេញផ្សាយនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣។

ខ្សែបម្រើ Gavi មានវ័យ ១៩ឆ្នាំ បានចាកចេញពីទីលាន បន្ទាប់ពីលេងបានត្រឹមតែ ២៦នាទី ក្នុងការប្រកួតនៅថ្ងៃអាទិត្យ បន្ទាប់ពីដួលអំឡុងពេលគ្រប់គ្រងបាល់ដោយខ្លួនឯង ហើយក្លិប Barca បានលើកឡើងថា កីឡាកររូបនេះ នឹងធ្វើការវះកាត់សរសៃចងជង្គង់ ACL ជើងខាងស្តាំ។

Gavi អាចនឹងត្រូវខកខានការប្រកួត សម្រាប់រយៈពេលដែលនៅសល់ក្នុងរដូវកាលនេះ ហើយឱកាសរបស់រូបគេក្នុងការលេងជាមួយជម្រើសជាតិអេស្ប៉ាញ នៅឯព្រឹត្តិការណ៍ Euro 2024 និងព្រឹត្តិការណ៍ Paris Olympics កំពុងស្ថិតក្នុងមន្ទិលសង្ស័យ។

សូមជម្រាបថា ជាបណ្តោះអាសន្នខ្សែបម្រើ Gavi កំពុងបង្ហាញខ្លួន ១១១ប្រកួត សម្រាប់ក្លិប Barca ដោយរកបាន ៧គ្រាប់ និងជួយឱ្យរកគ្រាប់បាល់បាន ១២លើក នឹងកំពុងបានបង្ហាញខ្លួន ២៧លើកលេងឱ្យក្រុមជម្រើសជាតិអេស្ប៉ាញ ដោយរកបាន ៥គ្រាប់ផងដែរ៕