(ភ្នំពេញ)៖ លោក កាំង សុធា អគ្គលេខាធិការសហព័ន្ធកីឡាហុកគីកម្ពុជា បានចាត់ទុកការប្រកួតកីឡាហុកគី ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ គឺជាការចាប់ផ្ដើមដ៏ល្អ ដើម្បីជំរុញការអភិវឌ្ឍវិស័យកីឡាមួយនេះឲ្យកាន់តែរីកចម្រើន ទាំងក្របខណ្ឌធនធានកីឡាករ-កីឡាការិនី និងមន្ដ្រីបច្ចេកទេសជាដើម។

ការលើកឡើងនេះ បន្ទាប់ពីសហព័ន្ធ បានទទួលគម្រោងថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីរៀបចំជើងឯកថ្នាក់ជាតិលើកដំបូង ដែលទើបបញ្ចប់ការប្រកួតនាល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ក្រោយដំណើរការប្រកួតដ៏ស្វិតស្វាញរយៈពេល ៤ថ្ងៃ នៅទីលាននៃពហុកីឡដ្ឋានជាតិមរតកតេជោ។

លោកថា ការប្រកួតជើងឯកថ្នាក់ជាតិលើកដំបូងនេះ បានឆ្លុះបញ្ចាំងឲ្យឃើញចំណុចខ្លាំង និងចំណុចខ្សោយ ទាំងគណៈកម្មការរៀបចំ និងក្រុមចូលរួម។ ដូច្នេះវាជាការចាប់ផ្ដើម ដើម្បីធ្វើការកែលម្អរាល់ចំណុចខ្វះខាត ហើយជំរុញការរៀបចំការប្រកួតក្រោយៗឲ្យកាន់តែល្អប្រសើរ ហើយឈានទៅផលិតធនធានកីឡាករ-កីឡាការិនីមានសក្ដានុពល សម្រាប់ត្រៀមការប្រកួតអន្ដរជាតិនានា។

អគ្គលេខាធិការសហព័ន្ធដដែលបន្ដថា «ការប្រកួតលើនេះ បានធ្វើឲ្យយើងដឹងពីចំណុចខ្លាំង និងចំណុចខ្សោយរបស់យើង។ កាលស៊ីហ្គេម យើងមានគណៈកម្មការអន្ដរជាតិជួយ តែជើងឯកថ្នាក់ជាតិនេះ យើងរៀបចំដោយសាម៉ីសហព័ន្ធផ្ទាល់។ អ៊ីចឹងយើងបានរកឃើញចំណុចខ្លាំង និងចំណុចខ្សោយរបស់គណៈកម្មការ ក៏ដូចជាបណ្ដាក្លិប»

«មួយវិញទៀត យើងក៏បានរកឃើញកីឡាករ-កីឡាការិនីលេចធ្លោ ដែលបានបង្ហាញសមត្ថភាពក្នុងការប្រកួតនេះដែរ។ ដូច្នេះក្រោយការប្រកួតនេះ យើងនឹងជ្រើសរើសយកកីឡាករ-កីឡាការិនីឆ្នើមៗ មកចូលរួមប្រមូលផ្ដុំជាមួយក្រុមជម្រើសជាតិ សម្រាប់ប្រកួតតំណាងជាតិ ក្នុងព្រឹត្តិការណ៍អន្ដរជាតិនាពេលខាងមុខ ពិសេសការប្រកួតកីឡាហុកគីក្នុងសាលអន្ដរជាតិមួយ ដែលគ្រោងធ្វើឡើងនាពេលឆាប់ៗខាងមុខ»។ លោក កាំង សុធា បន្ថែម។

គួរដឹងថា ក្នុងការប្រកួតកីឡាហុកគីជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ គឺមានក្រុមជាច្រើនបានចុះឈ្មោះចូលរួម តែគណៈកម្មការរៀបចំ បានកំណត់យក ៥ក្រុម ដើម្បីចូលរួមប្រកួត។ ជាលទ្ធផលបច្ចេកទេស សម្រាប់វិញ្ញាសាបុរស មេដាយមាស បានទៅក្រុមក្រសួងមហាផ្ទៃ, មេដាយប្រាក់ បានទៅក្រុមយុវជនសកល (GYA) និងមេដាយសំរឹទ្ធ បានទៅក្លិបសុខសាន្ដ ខេត្តកំពង់ធំ។ រីឯផ្នែកនារី ក្រុមក្រសួងមហាផ្ទៃ គ្រងមេដាយមាសដូចគ្នា គ្រាដែលមេដាយប្រាក់ បានទៅក្លិប អឹម អឹង ខេត្តសៀមរាប និងមេដាយសំរឹទ្ធ បានទៅក្រុមអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE)៕