(ប៉េកាំង)៖ អ្នកស្រី Shui Qingxia ជាគ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិស្ត្រីចិន បានលាលែងចេញពីតំណែង នៅថ្ងៃចន្ទ បន្ទាប់ដឹកនាំក្រុមបរាជ័យ ក្នុងវគ្គជម្រុះសម្រាប់ឡើងទៅប្រកួតនៅឯព្រឹត្តិការណ៍ Paris Olympics ក្រោយពីទទួលបានលទ្ធផលស្មើ ១-១ ជាមួយនឹងកូរ៉េខាងត្បូង កាលថ្ងៃទី០១ ខែវិច្ឆិកានេះ។ នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣។

បើតាមសមាគមបាល់ទាត់ចិន (CFA) បានប្រកាសថា «ដោយសារតែការបរាជ័យ របស់ក្រុមបាល់ទាត់ស្ត្រីចិន ក្នុងវគ្គជម្រុះសម្រាប់ព្រឹត្តិការណ៍ Paris Olympics, កិច្ចសន្យាជាមួយក្រុមគ្រូបង្វឹកស្ត្រីរូបនេះ ត្រូវបានបញ្ចប់ដោយស្វ័យប្រវត្តិ ហើយអ្នកស្រី Shui Qingxia មិនបន្តធ្វើជាគ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិស្រ្តីចិនទៀតឡើយ»

យោងតាម CFA ដដែលបានបន្តថា ក្រុមបាល់ទាត់ស្ត្រីចិន នឹងត្រូវដឹកនាំដោយក្រុមគ្រូបង្វឹកបណ្តោះអាសន្ន ក្នុងការប្រកួតមិត្តភាពចំនួន២ ដែលធ្វើឡើងនៅសហរដ្ឋអាម៉េរិក នៅថ្ងៃទី០២ និងថ្ងៃទី០៦ ខែធ្នូខាងមុខ។

សូមជម្រាបថា កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១, អ្នកស្រី Shui បានចូលដឹកនាំក្រុមបាល់ទាត់ស្ត្រីចិន ហើយស្ថិតនៅក្រោមការបង្វឹករបស់អ្នកស្រី ក្រុមស្ត្រីចិន បានឈ្នះពានរង្វាន់ Asian Cup ឆ្នាំ២០២២, ប៉ុន្តែពួកគេមិនអាចឡើងផុតពីវគ្គចែកពូល នៃព្រឹត្តិការណ៍ Women's World Cup ឆ្នាំ២០២៣ ក្នុងរដូវក្តៅនេះនោះទេ។

ក្នុងនោះពួកគេបានលេងចាញ់ក្រុមស្ត្រីជប៉ុន ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ Hangzhou Asian Games កាលពីខែមុនផងដែរ៕