(ញូវយ៉ក)៖ អាវចំនួន៦ ដែលកីឡាករ Lionel Messi បានពាក់ជួយក្រុមជម្រើសជាតិអាហ្សង់ទីនឈ្នះជើងឯកពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2022 នៅប្រទេសកាតានោះ នឹងត្រូវដាក់ដេញថ្លៃឆាប់ៗនេះ នៅសហរដ្ឋអាមេរិក ជាទីដែលរូបគេកំពុងប្រកបអាជីពក្នុងក្លិប Inter Miami FC ផងដែរ។

ការដាក់ដេញថ្លៃនេះដែរ នឹងត្រូវធ្វើឡើងនៅទីក្រុង New York ដែលត្រូវបានគេរំពឹងថា នឹងលក់បានក្នុងតម្លៃចាប់ពី ៨លានផោនឡើងទៅផងដែរ ដ្បិតកំណត់ចាស់អាវជើងឯក World Cup របស់អតីតកីឡាករអាហ្សង់ទីនដូចគ្នាគឺ Diego Maradona លក់បាន ៧.១លានផោន កាលឆ្នាំ២០២២។ នេះបើយោងតាមចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

ប្រធានក្រុមអាហ្សង់ទីន វ័យ ៣៦ឆ្នាំ Messi បានពាក់អាវលេខ១០ ចំនួន៦អាវសរុប ក្នុងចំណោម ៧ប្រកួតទាំងអស់ ក្នុងការឈ្នះជើងឯក World Cup លើកទី៣ កាលពីចុងខែធ្នូ ឆ្នាំ២០២២ គ្រាដែល Maradona បានជួយក្រុមពពកសមួយនេះ ឈ្នះបាន ២លើកផងដែរមុនពេលទទួលមរណភាព។

អតីតកីឡាករក្លិប FC Barcelona និង Paris St. Germain ដែលឈ្នះពានឯកត្តជនពានបាល់មាស Ballon d’Or បាន ៨លើកច្រើនជាងគេផងនោះ បានក្លាយជាកីឡាករលំដាប់ពិភពលោកតែម្នាក់គត់ ដែលរកបានគ្រាប់បាល់គ្រប់ការប្រកួតទាំងអស់នៅ World Cup ពោលគឺតាំងពីវគ្គសន្សំពិន្ទុក្នុងពូល, វគ្គ ១៦ក្រុម, វគ្គ ៨ក្រុម, វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រផងដែរ៕