(ភ្នំពេញ)៖ សាលា AUTHENTIC ADVANCED ACADEMY (AAA) បានប្រារព្ធពិធីនិងប្រកាសបើកកម្មវិធីសិក្សាថ្មី DREAM ACHIEVERS និងប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សា ដល់សិស្សជ័យលាភីផ្នែកតេក្វាន់ដូ និងដើរម៉ូដ ក្រោមអធិបតីភាព លោក Santo Darmosumarto ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌូនេសុី ប្រចាំប្រទេសកម្ពុជា និងលោក គង់ សក្ខិដា អគ្គលេខាធិការរងខេមរសហព័ន្ធតេក្វាន់ដូ នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលសន្និសីទ មជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន CJCC ដោយមានការចូលរួមជាភ្ញៀវកិត្តិយសពីសំណាក់ សាលាអន្តរជាតិ ធនាគារ ក្រុមហ៊ុនឯកជន និងសមាគមនានា ព្រមទាំងមាតាបិតា និងសិស្សានុសិស្ស សរុបចំនួន ៣៥០ នាក់។

តាមរយៈរបាយការណ៍សកម្មភាព និងវឌ្ឍនភាពសាលា AUTHENTIC ADVANCED ACADEMY របស់លោកស្រី ហួត ឈុនហ្គេច ប្រធានក្រុមប្រឹក្សាភិបាលសាលា ឃើញថាសាលា AAA ជាសាលាឈានមុខគេមួយក្នុងប្រទេសកម្ពុជា ដែលផ្តល់នៅកម្មវិធីសិក្សាក្រៅម៉ោងបន្ថែម (After-school Programs) ដល់សិស្សានុសិស្សចាប់ពីអាយុ៣ឆ្នាំឡើងទៅ ដែលកម្មវិធីសិក្សាក្រៅម៉ោងបន្ថែមផ្តោតលើផ្នែកកីឡា របាំ តូរ្យតន្ត្រី គំនូរ ភាសា STEM ពិសោធន៏ មូលដ្ឋានគ្រឹះនៃការគិត និងវិភាគបែបតក្កវិទ្យា ការនិយាយជាសាធារណៈ ភាពជាសហគ្រិន និងការច្នៃប្រឌិតថ្មី។

បច្ចុប្បន្ន សាលា AAA ជាសមាជិកក្លឹបពេញសិទ្ធ នៃ ខេមរសហព័ន្ធតេក្វាន់ដូផងដែរ។ នាពេលបច្ចុប្បន្ន សាលា មានសាខាចំនួន៣ទីតាំង នៅខណ្ឌទួលគោក ខណ្ឌជ្រោយចង្វារ និងខណ្ឌច្បារអំពៅ។

សាលានឹងពង្រីកវិសាលភាពក្នុងការផ្តល់ភាពងាយស្រួល ដល់សិស្សានុសិស្ស និងមាតាបិតា ដោយក្នុងពេលអនាគត សាលានឹងមានគម្រោងបង្កើតសាខាបន្ថែម ក្នុងខណ្ឌផ្សេងៗ និងបណ្តាខេត្តធំៗមួយចំនួនបន្ថែមផងដែរ។

លើសពីនេះទៀត សិស្សផ្នែកតេក្វាន់ដូ និងផ្នែកដើរម៉ូដរបស់សាលា AAA បានទទួលជ័យលាភីពីការប្រកួត កម្រិតអន្តរជាតិ នៅសហរដ្ឋអាមេរិក ឥណ្ឌូនេសុី និងហ្វីលីពីន ដោយទទួលបានមេដាយមាស ប្រាក់ និងសំរិទ្ធ ផងដែរ។

លោក Santo Darmosumarto ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌូនេសុី ប្រចាំប្រទេសកម្ពុជា បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការខិតខំពង្រឹងគុណភាពអប់រំ និងសមិទ្ធិផលរបស់សាលា AAA ផងដែរ។

លើសពីនេះទៀត លោកបានអបអរសាទរដល់សិស្សជ័យលាភីទាំងអស់ សម្រាប់ការទទួល បានជោគជ័យរបស់ពួកគេ និងបានលើកទឹកចិត្តសិស្សានុសិស្សទាំងអស់ ឲ្យបន្តការខិតខំប្រឹងប្រែងរៀនសូត្រ និងហ្វឹកហាត់បន្ថែម។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានលើកឡើងពីទំនាក់ទំនងល្អរវាងប្រទេសកម្ពុជា និងឥណ្ឌូនេសុីផងដែរ ជាក់ស្តែងដូចក្នុងពេលនេះ សាលាឯកជននៅកម្ពុជា និងឥណ្ឌូនេសុីបានសហការគ្នាបើកដំណើរការកម្មវិធីសិក្សាថ្មី នៅកម្ពុជា។

ក្នុងកម្មវិធីនេះ ក៏មានការធ្វើបទបង្ហាញខ្លីពីកម្មវិធីថ្មី និងប្រគល់វិញ្ញាបនបត្រ ដល់សិស្សជ័យលាភី និងសិស្សពូកែប្រចាំឆ្នាំ ព្រមទាំងមានការសម្តែងពិសេស ក្បាច់គុនតេក្វាន់ដូ របាំសាំប៊ា និងការដើរម៉ូដ ដែលសម្តែងដោយសិស្សសាលា AAA ផងដែរ៕