(ភ្នំពេញ)៖ អ្នកវិទ្យាសាស្រ្តបានធ្វើការប៉ាន់ប្រមាណថា ការផលិតឧស្ម័នអុកស៉ីសែននៅលើផែនដីយើងនេះប្រមាណ៥០-៨០ភាគរយ គឺទទួលបានមកពីមហាសមុទ្រ។ ផលិតកម្មអុកស៉ីសែននេះភាគច្រើនមានប្រភពចេញពីពពួកផ្លុងតុង (Plankton) ដែលស្ថិតក្នុងមហាសមុទ្រ រួមមាន ពពួករុក្ខជាតិរសាត់អណ្ដែត ស្លែ សារាយសមុទ្រ ព្រមទាំងបាក់តេរីផ្សេងៗដែលអាចធ្វើរស្មីសំយោគ។

អម្បូរបាក់តេរីម៉្យាងហៅថា Prochlorococcus ជាសារពាង្គកាយមានទំហំតូចបំផុតលើផែនដី ដែលអាចធ្វើរស្មីសំយោគបាន។ ប៉ុន្តែបាក់តេរីដ៏តូចនេះអាចផលិតអុកស៉ីសែនបានរហូតដល់ទៅ២០ភាគរយនៃបរិមាណអុកស៉ីសែននៅក្នុងតំបន់ Biosphere របស់ផែនដី គឺវាជាអត្រាខ្ពស់ជាងកម្រិតអុកស៉ីសែននៃព្រៃទាក់ទាញទឹកភ្លៀងទាំងអស់នៅជុំវិញពិភពលោកអាចផលិតបានទៅទៀត។

ភាគរយនៃអុកស៉ីសែនដែលផលិតនៅក្នុងមហាសមុទ្រ គឺពិបាកនឹងគណនាឲ្យចេញតម្លៃជាក់លាក់ណាស់ ពីព្រោះថាបរិមាណនៃការផលិតរបស់វា តែងមានការផ្លាស់ប្ដូរប្រែប្រួលជាប្រចាំ។ អ្នកវិទ្យាសាស្ត្រអាចប្រើប្រាស់រូបភាពផ្កាយរណប ដើម្បីតាមដានពពួកផ្លុងតុងដែលធ្វើរស្មីសំយោគ ហើយប៉ាន់ស្មានបរិមាណនៃការធ្វើរស្មីសំយោគ ដែលកើតឡើងក្នុងមហាសមុទ្រ ប៉ុន្តែការប្រើប្រាស់រូបភាពពីផ្កាយរណបមិនអាចប្រាប់ពីស្ថានភាពទាំងស្រុងបាននោះទេ។

បរិមាណពពួកផ្លុងតុងទាំងនេះក៏តែងតែមានការប្រែប្រួលទៅតាមរដូវកាលជានិច្ចផងដែរ និងដោយសារបរិមាណនៃសារធាតុចិញ្ចឹម ក៏ដូចជាសីតុណ្ហភាពនៅក្នុងទឹក ព្រមទាំងកត្តាជាច្រើនផ្សេងៗទៀត។ មិនតែប៉ុណ្ណោះ ការសិក្សាស្រាវជ្រាវបានបង្ហាញដែរថា បរិមាណអុកស៉ីសែននៅតាមកន្លែងខ្លះ គឺមានការប្រែប្រួលទៅតាមពេលវេលា និងជំនោររបស់ទឹកសមុទ្រ។

បើទោះបីជាមហាសមុទ្រជាកន្លែងផលិតអុកស៉ីសែនបានយ៉ាងហោច៥០ភាគរយនៃបរិមាណអុកស៉ីសែននៅលើផែនដីក៏ពិតមែន ប៉ុន្តែពពួកជីវិតនៅក្នុងមហាសមុទ្រក៏ចាំបាច់ត្រូវការប្រើប្រាស់ក្នុងអុកស៉ីសែនក្នុងបរិមាណប្រហាក់ប្រហែលគ្នាដែរ។ ដូចសត្វនិងរុក្ខជាតិលើគោកដែរ គឺសត្វនិងរុក្ខជាតិនៅក្នុងសមុទ្រសុទ្ធតែត្រូវការអុកស៉ីសែន៕