(បរទេស)៖ បន្ទាប់ពីបញ្ហាចម្រូងចម្រាស់រយៈពេល ២ថ្ងៃមកនេះជាមួយនឹងនាយកប្រតិបត្តិក្រុមហ៊ុន OpenAI លោក Sam Altman ពេលនេះ OpenAI បានចេញសេចក្តីប្រកាសជាផ្លូវការហើយ ដោយសម្រេចដកហូតដំណែងនោះតែម្តង។ ផ្ទុយទៅវិញលោក Emmett Shear អតីតនាយកប្រតិបត្តិក្រុមហ៊ុន Twitch នឹងចូលមកកាន់តំណែងជា CEO បណ្តោះអាសន្ន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣។

ជុំវិញមូលហេតុនៃការដកហូតលោក Sam Altman ចេញពីតំណែង CEO នេះមិនត្រូវបាន OpenAI ឱ្យដឹងនោះទេ ប៉ុន្តែត្រូវបានគេនិយាយថា កើតឡើងដោយសារតែការព្រួយបារម្ភអំពី «កង្វះភាពស្មោះត្រង់» របស់លោកក្នុងការទំនាក់ទំនងជាមួយនឹងអ្នកវិនិយោគ និងក្រុមហ៊ុនប្រឹក្សាភិបាលរបស់ OpenAI។ យ៉ាងណាមិញបញ្ហានេះបានធ្វើឱ្យកក្រើកពេញវិស័យបច្ចេកវិទ្យា នឹងមានការមិនពេញចិត្តជាច្រើនពីបណ្តាលវិនិយោគិន មិនត្រឹមតែប៉ុណ្ណោះគេព្រួយបារម្ភថា ការដកហូតដំណែងភ្លាមៗ ក្រុមហ៊ុន OpenAI អាចនឹងប៉ះពាល់ដល់ភាគហ៊ុនសរុបប្រមាណ ៦៨ពាន់លានដុល្លារឯណោះនាពេលខាងមុខ។

គួរជម្រាបដែរថា លោក Sam Altman ត្រូវបានដកហូតពីដំណែងនៅថ្ងៃទី១៧ ខែវិច្ឆិកានេះ ហើយក្នុងអំឡុងពេលនោះមានមតិជាច្រើនបានស្នើសុំឱ្យ OpenAI ជំនួសលោកទៅកាន់ផ្នែកផ្សេង ប៉ុន្តែមិនត្រូវបានក្រុមហ៊ុនយល់ស្រប៕