(ភ្នំពេញ)៖ ការប្រកួតកីឡាអេឡិចត្រូនិក (E-Sports) ជើងឯកថ្នាក់ជាតិឆ្នាំ២០២៣ លើវិញ្ញាសា Mobile Legends: Bang Bang បានបញ្ចប់ហើយ ដោយក្រុម CFU Gaming បានគ្រងតំណែងជើងឯក បន្ទាប់ពីយកឈ្នះក្រុម D-roar Legends ដោយលទ្ធផល ៣-០ ក្នុងវគ្គផ្ដាច់ព្រ័ត្រ កាលពីរាត្រីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣។

ពិធីបិទការប្រកួតនេះ បានធ្វើឡើងក្រោមវត្តមានលោក កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា, លោក ជា ច័ន្ទបូរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ព្រមទាំងលោក ណយ ផាណា តំណាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ផងដែរ។

លោក ជា ច័ន្ទបូរិបូរណ៍ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខំប្រឹងរបស់ក្រុមនីមួយៗ ពិសេសក្រុមទទួលបានជ័យលាភី ។ ទន្ទឹមជាមួយគ្នា ក្នុងនាមថ្នាក់ដឹកនាំសហព័ន្ធ លោកបានផ្ដាំផ្ញើដល់កីឡាករទាំងអស់ ពិសេសក្រុមជម្រើសជាតិ ត្រូវបន្ដការខំប្រឹង ដើម្បីត្រៀមការពារមេដាយមាសក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ នៅថៃ។

ប្រធានសហព័ន្ធដដែលបន្ដថា «សូមរំឭកថា យើងនឹងមានសមរភូមិប្រយុទ្ធមួយ នាឆ្នាំ២០២៥ ដែលថៃធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម ហើយយើងលើវិញ្ញាសាកីឡាអេឡិចត្រូនិច គឺយើងត្រៀមខ្លួន ទៅរក្សាការពារមេដាយរបស់យើងនៅទីនោះ ហើយខ្ញុំសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា យើងនឹងទទួលបានជោគជ័យដ៏ត្រចះត្រចង់ជាមួយនឹងគ្រួសាររបស់យើងទាំងអស់គ្នា»៕