(ភ្នំពេញ)៖ លោក លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា បានជំរុញ និងលើកទឹកចិត្តដល់កីឡាករ-កីឡាការិនី ត្រូវប្ដេជ្ញា និងរក្សាឆន្ទៈខំប្រឹងជានិច្ច ទោះបីប្រកួតឈ្នះ ឬចាញ់ ក្នុងការប្រកួតជើងឯកថ្នាក់ជាតិក៏ដោយ ដើម្បីអភិវឌ្ឍន៍សមត្ថភាពឲ្យកាន់តែប្រសើរ និងឈានទៅរកការប្រកួតអន្ដរជាតិនាថ្ងៃខាងមុខ។

ការផ្ដាំផ្ញើរបស់រដ្ឋលេខាធិការក្រសួងការពារជាតិខាងលើ ធ្វើឡើងក្នុងពិធីបិទការប្រកួតកីឡាវាយសីជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ កាលពីល្ងាចថ្ងៃទី១៩ ខែវិច្ឆិកា បន្ទាប់ពីដំណើរការប្រកួតរយៈពេល ៣ថ្ងៃ នៅទីលាននៃពហុកីឡដ្ឋានជាតិអូឡាំពិក ។ ការប្រកួតប្រចាំឆ្នាំនេះមានប្រតិភូ និងកីឡាករ-កីឡាការិនី ២១៤នាក់ មកពី ១៦ក្លិបចូលរួម។

យោងតាមរបាយការណ៍លោក ជាម សុភា អគ្គលេខាធិការសហព័ន្ធ បានឲ្យដឹងថា ជើងឯកថ្នាក់ជាតិឆ្នាំនេះ មានកីឡាករ-កីឡាការិនីចូលរួមច្រើនជាងឆ្នាំមុន ហើយភាគច្រើនជាកីឡាករ-កីឡាការិនីវ័យក្មេង ។ អ្វីដែលគួរឲ្យកត់សម្គាល់ កីឡាករ-កីឡាការិនីទាំងអស់ បានបង្ហាញភាពលេចធ្លោក្នុងការប្រកួត ទាំងសមត្ថភាព និងបច្ចេកទេស ហើយនេះជាឱកាសល្អ សម្រាប់សហព័ន្ធក្នុងការសម្លឹងរកធនធានបន្ដវេន ។

តាមរយៈសមិទ្ធផលនេះ លោក លី កុសល បានគូសបញ្ជាក់ថា វិស័យកីឡាវាយសីកម្ពុជា កំពុងមានភាពរីកចម្រើន ពិសេសក្រោយព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ក៏ដូចជាការធ្វើម្ចាស់ផ្ទះជើងឯកយុវជនអាស៊ីអាគ្នេយ៍ កាលពីថ្មីៗ ដែលជំរុញឲ្យមានសន្ទុះអ្នកចូលរួមហ្វឹកហាត់ និងលេងកីឡាមួយនេះ មានការកើនឡើងគួរឲ្យកត់សម្គាល់ ។ ដូច្នេះទោះបីទទួលបានលទ្ធផលបែបនេះ លោកលើកទឹកចិត្តឲ្យពួកគេខំប្រឹងបន្ថែមទៀត ។

លោកបន្ដថា «ខ្ញុំសូមផ្ដាំផ្ញើដល់កីឡាករ-កីឡាការិនីទាំងអស់ ទោះបីដណ្ដើមបានមេដាយក្ដី ឬមិនបានក្ដី ត្រូវប្ដេជ្ញាចិត្តហ្វឹកហាត់ឲ្យបានទៀងទាត់ជាប្រចាំ ដើម្បីអភិវឌ្ឍន៍ខ្លួនឲ្យក្លាយជាកីឡាករ-កីឡាការិនីឆ្នើម និងមានសិទ្ធផលខ្ពស់ សម្រាប់ត្រៀមចូលរួមការប្រកួតលក្ខណៈអន្ដរជាតិ និងដណ្ដើយកមេដាយមាសជូនជាតិមាតុភូមិរបស់យើងជាបន្ដទៀត»។

សូមបញ្ជាក់ថា បន្ទាប់ពីឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញរយៈពេល ៣ថ្ងៃ ចំពោះលទ្ធផលបច្ចេកទេស គឺក្លិបកីឡាវាយសីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដណ្ដើមបានមេដាយច្រើនជាងគេសរុប ៦គ្រឿង (មាស ៣ ប្រាក់ ២ និងសំរឹទ្ធ ១) ខណៈក្លិបក្រសួងមហាផ្ទៃ ឈ្នះមេដាយមាស ២ និងប្រាក់ ១ ឈរលេខ២ គ្រាដែលក្លិបបញ្ជាការដ្ឋានការពារអាកាស ឈរលេខ៣ ឈ្នះមេដាយមាស ១ និងប្រាក់ ១ និងសម្ព័ន្ធយុវជនខេត្តកណ្ដាល ដណ្ដើមបានមេដាយមាស ១ និងសំរឹទ្ធ ១គ្រឿង ឈរលេខ៤៕