(បរទេស)៖ តារាចម្រៀងស្រីល្បីឈ្មោះពីររូបគឺ តារាចម្រៀងកូឡុំប៊ី Karol G និង Shakira ឈ្នះពានរង្វាន់ធំៗម្នាក់មួយ ពីកម្មវិធី «Latin Grammys» ឆ្នាំ២០២៣ ពោលគឺតារាចម្រៀងកូឡុំប៊ី Karol G (ខារ៉ូល ជី) បានឈ្នះពានរង្វាន់អាល់ប៊ុម ប្រចាំឆ្នាំសម្រាប់អាល់ប៊ុម «Mañana Será Bonito» (ម៉ាញ៉ាណា សេរ៉ា បូនីតូ) ខណៈដែលតារាចម្រៀង Shakira បានទទួលពានរង្វាន់បទចម្រៀងប្រចាំឆ្នាំ និងពានរង្វាន់បទចម្រៀងប៉ុបល្អបំផុត សម្រាប់បទដែលនាងបានសហការជាមួយតារារ៉េប BZRP (ប៊ីហ្ស៊ីអភី)។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន BBC។

កម្មវិធី «Latin Grammys» (ឡាទីន ហ្គ្រេមមី) ត្រូវបានគេដឹងថា ជាការប្រគល់ពានរង្វាន់ផ្នែកតន្ត្រីធំបំផុត ប្រចាំឆ្នាំនៅអាមេរិកឡាទីន បានប្រារព្ធឡើងនៅទីក្រុង Seville (សេវីល) ប្រទេសអេស្ប៉ាញ កាលពីចុងសប្ដាហ៍ ដោយម្ចាស់ពានរង្វាន់ភាគច្រើននៅឆ្នាំនេះ គឺជាសិល្បការិនី។

យ៉ាងណាមិញ តាមរយៈកម្មវិធីនេះ គេសង្កេតឃើញថា ក្រៅពីតារាស្រីខាងលើ គឺមានសិល្បការិនីផ្សេងទៀត ដែលបានឈ្នះពានរង្វាន់ក្នុងកម្មវិធីនេះ មានដូចជាតារាចម្រៀង និងអ្នកនិពន្ធបទចម្រៀង Joaquina (ចូឃីណា) បានឈ្នះពានសិល្បករថ្មីឆ្នើម និងតារាចម្រៀង Julieta Venegas (ជូលាតា វ៉េណេហ្កាស) បានឈ្នះពានរង្វាន់អាល់ប៊ុមចម្រៀងប៉ុបល្អបំផុត៕