(ភ្នំពេញ)៖ កីឡាការិនី-កីឡាការិនីវាយកូនបាល់ មកពីក្លិបតាមបណ្ដាខេត្ត បានបង្ហាញសមត្ថភាពលេចធ្លោ និងទទួលបានការកោតសរសើរពីថ្នាក់ដឹកនាំសហព័ន្ធ ក្រោយចូលរួមការប្រកួតពានរង្វាន់ Annual Tep Kunnah Memorial Cup លើកទី២៨ ឆ្នាំ២០២៣ កាលពីចុងសប្ដាហ៍កន្លងទៅ នៅទីលាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ។

លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនបាល់កម្ពុជាបានបញ្ជាក់ថា ពាននេះរៀបចំឡើង ដើម្បីរំលឹកគុណ និងឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធលោក ទេព ឃុនណា អតីតកីឡាករវាយកូនបាល់ជម្រើសជាតិកម្ពុជាដ៏ល្បីឈ្មោះកាលពីទសវត្សរ៍ទី៦០។ ប៉ុន្ដែឆ្នាំនេះ សហព័ន្ធបានផ្ដល់ឱកាសដល់កីឡាករ-កីឡាការិនីវ័យក្មេងចូលរួមប្រកួតប្រជែង និងបង្ហាញសមត្ថភាព។

អ្វីដែលគួរឲ្យកត់សម្គាល់ បន្ទាប់ពីដំណើរការប្រកួតដ៏ស្វិតស្វាយរយៈពេល ២ថ្ងៃ លោកសង្កេតខើញកីឡាករ-កីឡាការិនីថ្នាល មកពីក្លិបតាមបណ្ដាលខេត្ត ដូចជាខេត្តបាត់ដំបង ខេត្តសៀមរាប និងខេត្តកែបជាដើម បានបង្ហាញនូវភាពលេចធ្លោយ៉ាងខ្លាំង ទាំងសមត្ថភាព និងបច្ចេកទេស ដោយអាចយកឈ្នះកីឡាករ-កីឡាការិនី នៅរាជធានីភ្នំពេញ ហើយភាគច្រើនបានឡើងវគ្គផ្ដាច់ព្រ័ត្រ និងដណ្ដើមបានជើងឯកទៀតផង។

លោកថា សិមិទ្ធផលនេះ សបញ្ជាក់ឲ្យឃើញាថា វិស័យកីឡាវាយកូនបាល់តាមបណ្ដាខេត្ត ចាប់ផ្តើមមានសក្កានុពលហើយក្លាយជាកី្តសង្ឈឹមសម្រាប់សហព័ន្ធនូវពេលខាងមុខ ដើម្បីធ្វើការជ្រើសរើសយុវជនឆ្នើម មកហ្វឹកហាត់បំប៉នត្រៀមការប្រកួតនានានៅលើឆាកជាតិ និងអន្តរជាតិ។ លោករំពឹងថា ការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ នៅកម្ពុជា នឹងមានវត្តមានពួកគេ ចូលរួមប្រកួតប្រជែងតំណាងជាតិ និងដណ្ដើមមេដាយជូនជាតិ។

ចំពោះលទ្ធផលបច្ចេកទេស នៃការប្រកួតពានរង្វាន់ Annual Tep Kunnah Memorial Cup លើកទី២៨ ខាងលើ សម្រាប់វិញ្ញាសាអាយុក្រោម ១០ឆ្នាំផ្នែកកុមារា លេខ១ បានទៅកីឡាករ ហៃយ៉ាស៊ី សូរ៉ាតូ ខណៈផ្នែកកុមារីលេខ១ បានទៅលើកីឡាការិនី ស្រ៊ុន ចំនិតអេស្ទ័រ មកពីក្លិបភ្នំពេញដូចគ្នា។ រីឯវិញ្ញាសាអាយុក្រោម ១២ឆ្នាំផ្នែកបុរស លេខ១ បានទៅកីឡាករ Yuki Hayashi មកពីក្លិបភ្នំពេញ និងផ្នែកនារី លេខ១ បានទៅកីឡាការិនី Yuam Seiha មកពីក្លិបខេត្តសៀមរាប។

ដោយឡែកវិញ្ញាសាអាយុក្រោ ១៤ឆ្នាំផ្នែកបុរស លេខ១ បានទៅកីឡាករ Phors Ratanak មកពីក្លិបខេត្តកែប និងផ្នែកនារី លេខ១ បានទៅកីឡាការិនី Horn Srey An មកពីក្លិបខេត្តសៀមរាប។ រីឯវិញ្ញាសាអាយុក្រោម ១៨ផ្នែកបុរស លេខ១ បានទៅកីឡាករ Chheang Chan Mony និងផ្នែកនារី លេខ១ បានទៅកីឡាការិនី Chheang Chan Mony មកពីក្លិបភ្នំពេញដូចគ្នា៕