(ភ្នំពេញ)៖ វិស័យកីឡាបាល់ទះកម្ពុជា កំពុងមានភាពរីកចម្រើន និងទទួលបានការគាំទ្រយ៉ាងផុសផុលក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ជាក់ស្ដែងការប្រកួតពានរង្វាន់សម្ដេចក្រឡាហោម ស ខេង លើកទី២ ឆ្នាំ២០២៣ មានក្រុមចូលរួម និងគាំទ្រយ៉ាងច្រើន។ តាមរយៈភាពជោគជ័យនេះ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា រំពឹងការរៀបចំពានក្រោយៗ នឹងកាន់តែអស្ចារ្យថែមទៀត។

ការលើកឡើងនេះ បន្ទាប់ពីសហព័ន្ធបានរៀបចំការប្រកួតបាល់ទះដណ្ដើមពានរង្វាន់សម្ដេចក្រឡាហោម ស ខេង រដូវកាលទី២ ដោយជោគជ័យ ដែលទើបបិទបញ្ចប់កាលពីរាត្រីថ្ងៃទី១៩ ខែវិច្ឆិកា ដោយក្រុមបាល់ទះក្រសួងមហាផ្ទៃ (ខ) បានគ្រងតំណែងជើងឯក បន្ទាប់ពីយកឈ្នះក្រុមរដ្ឋបាលរាជធានីភ្នំពេញ ដោយលទ្ធផល ៣-១(សិត) ក្នុងពិន្ទុ ១៦-២៥, ២៥-២៣, ២៥-២០ និង ២៥-២០ពិន្ទុ ក្នុងវគ្គផ្ដាច់ព្រ័ត្រនៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក។

អគ្គលេខាធិការដដែលបានបន្ដថា «នេះលើកទី១ ហើយដែលមានក្រុមមកពី ២៥រាជធានី-ខេត្តចូលរួមប្រកួតពាន រហូតដល់ ២៩ក្លិប ដែលជាភាពភ្ញាក់ផ្អើលមួយ សម្រាប់ថ្នាក់ដឹកនាំ និងអ្នកគាំទ្រ។ ខ្ញុំរំពឹងថា បន្ទាប់ពីចប់ព្រឹត្តិការណ៍នេះ យើងរៀបចំព្រឹត្តិការណ៍ក្រោយៗ នឹងកាន់តែអស្ចារ្យថែមទៀត។ ម្យ៉ាងវិញទៀត ទទួលបានគាំទ្រកាន់តែច្រើនពីបងប្អូនប្រជាពលរដ្ឋ ហើយការគាំទ្រនេះ បានទាក់ទាញវិស័យឯកជនឲ្យងាកមកគាំទ្រវិស័យបាល់ទះកម្ពុជា។ ដូច្នេះខ្ញុំគិថា អនាគត វិស័យបាល់ទះកម្ពុជា នឹងកាន់តែរីកចម្រើនថែមទៀត»

ផ្អែកលើការគាំទ្រ ទាំងវិស័យឯកជន និងអ្នកគាំទ្រនេះ បានធ្វើឲ្យអ្នកប្រតិបត្តិក្នុងសហ មានទឹកចិត្តកាន់តែផុសផុល ក្នុងការរៀបចំព្រឹត្តិការណ៍ធំៗជាបន្ដបន្ទាប់ទៀត ពិសេសការប្រកួតជើងឯកលីគសម្ដេចតេជោ ហ៊ុន សែន ដែលលោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធ បានជំរុញ និងយកចិត្តទុកដាក់ ត្រូវរៀបចំឲ្យបាននៅចុងឆ្នាំនេះ ឬដើមឆ្នាំ២០២៤ ខាងមុខ។ លីគសម្ដេចតេជោ នឹងអនុញ្ញាតឲ្យក្លិបនីមួយៗ នាំចូលកីឡាករបរទេស ៣រូបចូលរួមទៀតផង។ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ បន្ថែម។

សូមបញ្ជាក់ថា ពានរង្វាន់សម្ដេចក្រឡាហោម ស ខេង រដូវកាលទី២ បានធ្វើការប្រកួតរយៈពេល ១០ថ្ងៃ ចាប់ពីថ្ងៃទី១០-១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានបេក្ខភាព ២៩ក្រុមចូលរួម មកពីទូទាំង ២៥រាជធានី-ខេត្ត។ ជាលទ្ធផលក្នុងនាមនាមជាម្ចាស់ជើងឯក ក្រុមក្រសួងមហាផ្ទៃ (ខ) ទទួលបានពាន ១ អមប្រាក់រង្វាន់ ៥០លានរៀល គ្រាដែលក្រុមជើងឯករង រដ្ឋបាលរាជធានីភ្នំពេញ ទទួលបានប្រាក់រង្វាន់ ២០លានរៀល និងក្រុមបញ្ជាការដ្ឋានអង្គរក្ស ជាប់ចំណាត់ថ្នាក់លេខ៣ ទទួលបានប្រាក់រង្វាន់ ១២លានរៀល។ លើសពីនេះ គណៈកម្មការរៀបចំការប្រកួត ក៏បានផ្ដល់រង្វាន់ឯកត្តជនដល់កីឡាករឆ្នើមៗ ក្នុងម្នាក់ ៨០ម៉ឺនរៀលផងដែរ៕