(បរទេស)៖ ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍មកថា គ្រោងនឹងអនុម័តស្តង់ដារផ្ញើសារ Rich Communication Services (RCS) នៅឆ្នាំក្រោយនេះ ដែលនឹងធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់អ្នកប្រើប្រាស់ iPhone ក្នុងការទំនាក់ទំនងជាមួយអ្នកប្រើប្រាស់ Android។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣។

នេះជាលើកដំបូងហើយដែល Apple អនុញ្ញាតឱ្យកម្មវិធីផ្ញើសារ Android និង iOS ដែលជាប្រព័ន្ធប្រតិបត្តិការរបស់ iPhone អាចធ្វើការជាមួយគ្នាបាន។ ខណៈដែល Apple បានព្យាយាមរារាំងស្តង់ដារផ្ញើសារ Rich Communication Services (RCS) នេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ។

RCS គឺជាសេវាកម្មផ្ញើសារ និងអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចផ្ញើ និងទទួលរូបភាព និងវីដេអូដែលមានគុណភាពខ្ពស់ អាចជជែកតាមរយៈ Wifi ក៏ដូចជាទិន្នន័យនៅលើទូរសព្ទចល័ត ហើយអ្នកប្រើប្រាស់អាចដឹងនៅពេលដែលសារត្រូវបានអាន ក៏ដូចជាមុខងារជាច្រើនទៀត។ បច្ចុប្បន្ននេះ RCS ត្រូវបានគាំទ្រដោយស្មាតហ្វូន Android ជាច្រើន ក៏ដូចជាក្រុមហ៊ុនសេវាទូរសព្ទមួយចំនួនផងដែរ ប៉ុន្តែវាមិនត្រូវបានគាំទ្រសម្រាប់អ្នកប្រើប្រាស់ iPhone នោះទេ។

យ៉ាងណាមិញបើតាមរយៈ របាយការណ៍ចេញផ្សាយចុងក្រោយនេះបានគូសបញ្ជាក់ថា Apple នឹងចាប់ផ្តើមប្រើប្រាស់ស្តង់ដារផ្ញើសារ RCS ដោយភ្ជាប់ទៅនឹងដំណើរការ iMessage របស់ខ្លួន ហើយនឹងអនុញ្ញាតឱ្យស្មាតហ្វូន Android និង iPhone អាចផ្ញើសារជារូបភាព វីដេអូ នឹងអាចមើលឃើញពីមុខងារផ្សេងទៀតដូចទៅនឹងការផ្ញើពី iPhone ទៅ iPhone បច្ចុប្បន្នអ៊ីចឹង៕