(ភ្នំពេញ)៖ លោក សុខ សូកាន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានថ្លែងថារាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងកសាងកម្ពុជាឱ្យមានវឌ្ឍនភាព និងអភិវឌ្ឍន៍ជាបន្តបន្ទាប់លើគ្រប់វិស័យប្រកបដោយជវភាព ភាពកក់ក្ដៅ និងក្ដីសង្ឃឹម។

ក្នុងឱកាសអញ្ជើញបិទការប្រកួតកីឡាប៊ូល និងប៉េតង់ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ទីលានប៉េតង់ពហុកីឡដ្ឋានជាតិ ដោយមានការចូលរួមពីលោកស្រី សំអាង លក្ខិណា ព្រមទាំងអតីតថ្នាក់ដឹកនាំជំនាន់មុនរបស់សហព័ន្ធ លោក សុខ សូកាន ក៏បានលើកទឹកចិត្តដល់គ្រប់បណ្ដាសម្ព័ន្ធ-ក្លិបទាំងអស់ ត្រូវធ្វើការសិក្សាស្វែងយល់អំពីលក្ខខណ្ឌបច្ចេកទេសខ្ពស់ថ្មីនេះ ដើម្បីឱ្យការហ្វឹកហ្វឺនមានសង្គតិភាពជាមួយគ្នា។

លោក សុខ សូកាន លើកឡើងថា អស់រយៈពេល៣ថ្ងៃនៃការប្រកួតកីឡាប៊ូល និងប៉េតង់ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ គឺពិតជាបានប្រព្រឹត្តទៅដោយរលូន និងជោគជ័យប្រកបដោយភាពស្វិតស្វាញ ស្មារតីសាមគ្គីភាព យោគយល់ យុត្តិធម៌ និងគោរព តាមបទបញ្ជានៃការប្រកួត ដោយក្នុងនោះមានកីឡាករ កីឡាការិនីចូលរួមសរុបចំនួន ៣១៦រូប ដែលមកពីសម្ព័ន្ធ-ក្លិប ចូលរួមចំនួន៥៣ (មកពី១២ រាជធានី ខេត្ត និង៣ ស្ថាប័ន)។

លោកបានបន្ថែមថា ពីមួយឆ្នាំទៅមួយឆ្នាំ សមត្ថភាពកីឡាករ កីឡាការិនី ដែលចូលរួមព្រឹត្តិការណ៍ «ការប្រកួតកីឡាប៊ូល និងប៉េតង់ ជើងឯកថ្នាក់ជាតិឆ្នាំ២០២៣» កាន់តែរីកចម្រើន និងវឌ្ឍនភាពគួរជាទីកត់សម្គាល់។ តាមរយៈកំណើននៃចំនួនកីឡាករ កីឡាការិនី ដែលបានចូលរួមប្រកួតពីបណ្ដាសម្ព័ន្ធ-ក្លិប និងស្ថាប័ននានាទូទាំងប្រទេស និងមានធនធានកីឡាករ កីឡាការិនីទាំងចាស់ និងថ្មីៗជាច្រើន ដែលបានពង្រឹង និងដុសខាត់សមត្ថភាព និងបច្ចេកទេសប្រកួតរឹតតែខ្លាំងក្លា។ នេះសបញ្ជាក់ឱ្យឃើញថាវិស័យកីឡាប៊ូល និងប៉េតង់កម្ពុជា ទទួលបាននូវការចាប់អារម្មណ៍ និងផ្ដល់តម្លៃ ខ្ពស់ពីសំណាក់បងប្អូនកីឡាករ កីឡាការិនី និងប្រជាពលរដ្ឋកម្ពុជាគ្រប់ស្រទាប់។

លោក សុខ សូកាន ក៏បានសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះកីឡាករ កីឡាការិនី កីឡាប៊ូល និងប៉េតង់កម្ពុជា ដែលបានខិតខំប្រឹងប្រែងប្រកួត តាំងពីដើមរៀងមក ហើយរកបានមេដាយសរុបចំនួន៤១៣គ្រឿង ក្នុងនោះមេដាយមាសចំនួន ១១៧គ្រឿង, មេដាយប្រាក់ចំនួន ១៤៥គ្រឿង និងមេដាយសំរឹទ្ធិ ចំនួន ១៥១គ្រឿង ជូនដល់ប្រទេសកម្ពុជា និងសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្ដេចបានសម្រេច ឯកភាពឱ្យកីឡាករ កីឡាការិនី ដែលដណ្តើមបានមេដាយជូនជាតិមាតុភូមិ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ (ចំនួន២៦រូប) ជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដោយស្វ័យប្រវត្តិ ដែលការលើកទឹកចិត្តនេះគឺពិតជាសមស្របក្នុងការ តបស្នងនឹងកិច្ចខិតខំប្រឹងប្រែងរបស់កីឡាករ កីឡាការិនី កម្ពុជាដែលបានខិតខំយកជ័យជម្នះជូនជាតិមាតុភូមិ។

លោក សុខ សូកាន សូមអំពាវនាវដល់បងប្អូនជនរួមជាតិនិង សាធារណជន សូមបន្តការគាំទ្រ និងលើកទឹកចិត្តដល់កីឡាការិនីកម្ពុជាឱ្យសម្រេចបានជោគជ័យក្នុងការប្រកួត និងអាចបន្តឯកទត្តកម្មនៃការឈ្នះមេដាយមាសជើងឯកពិភពលោក ឆ្នាំ២០២៣ (៦ជំនាន់ជាប់ៗគ្នារបស់កម្ពុជា) ដែលជាមោទកភាពសម្រាប់ វិស័យកីឡាប៊ូល និងប៉េតង់ ក៏ដូចជារបស់ប្រជាជាតិកម្ពុជាទាំងមូល។ ជាពិសេសក្នុងពេលឆាប់ៗខាងមុខសហព័ន្ធនឹងចូលរួមការប្រកួតកីឡាប៉េតង់ជើងឯកពិភពលោក នារី និងយុវជនលើកទី១៩ នៅទីក្រុងបាងកក ប្រទេសថៃ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២-២៨ ខែវិច្ឆិកា ខាងមុខនេះ។

សូមជម្រាបថា ការប្រកួតកីឡាប៉េតង់ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ បានបញ្ចប់ដោយជោគជ័យ ក្រោយដំណើរការប្រកួតរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៨ ខែវិច្ឆិកា ដោយសម្ព័ន្ធកីឡាប៊ូល និងប៉េតង់កងយោធពលខេមរភូមិន្ទ បន្ដគ្រងជើងឯកជាក្រុមដណ្ដើមបានមេដាយច្រើនជាងគេ ក្នុងចំណោម ៥៣សម្ព័ន្ធ-ក្លិប ដែលចូលរួមប្រកួតព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ៕