(កូរ៉េ)៖ យោងតាមរបាយការណ៍ផ្តាច់មុខពី Munhwa Ilbo បានឲ្យដឹងថា BLACKPINK នឹងរក្សាសកម្មភាពជាក្រុមរបស់ពួកគេ ជាមួយផលិត YG Entertainment ដដែល។ ទោះជាយ៉ាងណាក៏ដោយ កិច្ចសន្យាដែលពួកគេនឹងចុះហត្ថលេខាជាមួយ YG Entertainment គឺមិនផ្តាច់មុខទេ ដែលមានន័យថា ពួកគេនឹងមានសេរីភាពក្នុងការចុះហត្ថលេខា ជាមួយភ្នាក់ងារផ្សេងសម្រាប់ការផ្សព្វផ្សាយផ្ទាល់ខ្លួន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Koreaboo នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣។

របាយការណ៍ខាងលើក៏បានបន្ថែមដែរថា សមាជិកពីរនាក់ក្នុងក្រុមនេះ បានចុះកិច្ចសន្យាជាមួយ YG Entertainment រួចហើយ តែមិនត្រូវបានបញ្ចេញឈ្មោះទេ។ ក្រោយទទួលបានដំណឹងនេះ ផលិតកម្ម YG បានចេញសេចក្តីរាយការណ៍ឆ្លើយតបទៅនឹង Munhwa Ilbo ទាក់ទងនឹងព័ត៌មានរឿងកុងត្រារបស់ BLACKPINK ជាមួយ YG ថា «ពួកយើងកំពុងតែពិភាក្សាជាមួយសមាជិក BLACKPINK នៅឡើយ មិនទាន់មានអ្វីដែលផ្លូវការនោះទេ»

កន្លងទៅមានសេចក្តីរាយការណ៍ថា YG Entertainment នឹងចែករំលែកជំហរផ្លូវការរបស់ពួកគេ លើការបន្តកិច្ចសន្យារបស់ BLACKPINK តាមរយៈឯកសារសាជីវកម្ម។ តែយ៉ាងណា រហូតមកទល់នឹងពេលនេះ កិច្ចសន្យារថ្មីរបស់ពួកគេ នៅមិនទាន់បញ្ជាក់ជាផ្លូវការទេ ខណៈពាក្យចចាមអារ៉ាម គឺត្រូវបានចុះផ្សាយជាបន្តបន្ទាប់៕