(ភ្នំពេញ)៖ ការប្រកួតជុំទី២ នៃលីគកំពូលខេមបូឌានព្រីមៀរលីគ Cambodian Premier League ឆ្នាំ២០២៣-២០២៤ នឹងឈានចូលសប្តាហ៍ទី១១ ដែលជាការប៉ះគ្នារវាងវិសាខា និងណាហ្គា​​ នាថ្ងៃសៅរ៍ ទី២៥ ខែវិច្ឆិកា នៅក្នុងទឹកដីនៃកីឡដ្ឋាន ព្រីនស៍​​ នាម៉ោង ១៨៖០០នាទីល្ងាច។

គួរដឹងផងដែរថា កាលជុំទី១ កន្លងទៅ​​ ណាហ្គាបានចាញ់វិសាខាក្នុងលទ្ធផល ៤-១។

ទាក់ទងទៅនឹងការប្រកួតរបស់វិសាខា កាលពីសប្តាហ៍ទី១០ បានយកឈ្នះក្រុមម្ចាស់ផ្ទះគិរីវង់​សុខសែនជ័យ​​ ក្នុងលទ្ធផល ២-០ ក្រោយបានឆ្លងកាត់ ១០ប្រកួតមកនេះ ឈ្នះ៧​ និងចាញ់៣ ឈរនៅចំណាត់ថ្នាក់លេខ៣ ដោយមាន ២១ពិន្ទុ ស្របពេលណាហ្គាវិញ បានចាញ់ក្រុមភ្ញៀវព្រៃវែង ៤-០ និងឆ្លងកាត់ ១០ប្រកួតមកនេះដូចគ្នា ឈ្នះ២ ស្មើ៣ និងចាញ់៥ ឈរនៅចំណាត់ថ្នាក់លេខ៨ និងមាន ៩ពិន្ទុ។

ខាងក្រោមនេះជាកម្មវិធីប្រកួតរបស់ក្រុមទាំង១០ ​នៃពានលីគកំពូលកម្ពុជា នាចុងសប្តាហ៍នេះ

ការប្រកួតនៅថ្ងៃសៅរ៍ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣​​ រួមមាន៖

១៖ ព្រៃវែង Vs ISI ដង្កោសែនជ័យ
២៖​ វិសាខា Vs ណាហ្គា
៣៖ ភ្នំពេញក្រោន Vs ព្រះខ័នរាជស្វាយរៀង។

ចំណែកការប្រកួតនៅថ្ងៃអាទិត្យ ទី២៦​​ ខែវិច្ឆិកា ឆ្នាំ២០២៣​​ វិញរួមមាន៖
១៖​ អង្គរថាយហ្គឺរ Vs បឹងកេត
២៖ ​កងយោធពលខេមរភូមិន្ទ Vs គិរីវង់សុខសែនជ័យ។

សូមបញ្ជាក់ថា សម្រាប់ការប្រកូួតជុំទី២ នាចុងសប្តាហ៍នេះដែរ ក៏មានក្រុមខ្លាំងប៉ះខ្លាំងដែររវាងក្រុមម្ចាស់ផ្ទះភ្នំពេញក្រោន ដែលឈរនៅចំណាត់ថ្នាក់លេខ២ មាន ២២ពិន្ទុ ត្រូវស្វាគមន៍ក្រុមភ្ញៀវព្រះខ័នរាជស្វាយរៀង ដែលឈរនៅកំពូលតារាង មាន ៣០ពិន្ទុនៅថ្ងៃសៅរ៍ ទី២៥​​​ ខែវិច្ឆិកា ក្នុងទឹកដីនៃកីឡដ្ឋាន​ ស្មាត អ.អេស.អិន នាម៉ោង ១៨៖០០នាទីល្ងាច៕