(បរទេស)៖ នៅថ្ងៃទី១៨ ខែវិច្ឆិកានេះ ក្រុមហ៊ុនផលិតយានអវកាសអាមេរិក SpaceX បានធ្វើតេស្តសាកល្បងបាញ់បង្ហោះ Starship ជាលើកទី២ ដែលជាប្រភេទរ៉ុក្កែតមានកម្លាំងខ្លាំងបំផុត និងធំបំផុតលើពិភពលោក។ តែយ៉ាងណាការបង្ហោះលើកនេះមិនទទួលបានជោគជ័យនោះទេ ដោយ Starship ត្រូវបានផ្ទុះចេញពីគ្នា ក្រោយពីបង្ហោះបានកម្ពស់ ១៤៨គីឡូម៉ែត្រពីដីក្នុងបេសកកម្មសាកល្បងរយៈពេល ៩០នាទី។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣។

នេះគឺជាលើកទី២ ហើយក្នុងឆ្នាំ២០២៣ ដែលក្រុមហ៊ុន SpaceX បានបាញ់បង្ហោះរ៉ុក្កែត Starship របស់ខ្លួន នឹងទទួលបានបរាជ័យទាំងពីរលើក។ ការបង្ហោះលើកទី១ នោះត្រូវបានធ្វើឡើងក្នុងអំឡុងខែមេសា នឹងជាកំណត់ត្រាដំបូងរបស់ Starship ដែលអាចហោះហើរលើមេឃបានកម្ពស់ជាង ៣០គីឡូម៉ែត្រពីដីទើបជូបបញ្ហាបណ្តាឱ្យផ្ទុះក្រោយបង្ហោះបានប្រហែល ៤នាទី។ ខណៈដែលមូលហេតុមុននឹងឈានដល់ការផ្ទុះក្នុងពេលនោះ ត្រូវបានគេសង្កេតឃើញថា មានម៉ាស៊ីនចំនួន ៦ក្នុងចំណោមម៉ាស៊ីនទាំង ៣៣របស់ Satarship បានជួបបញ្ហាគាំងលែងដំណើរការទើបបណ្តាឱ្យឆាបឆេះផ្ទុះតែម្តង។

យ៉ាងណាមិញជុំវិញមូលហេតុនៃការបរាជ័យលើកទី២ នេះកំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ នៅមិនទាន់មានការបញ្ជាក់នោះទេ។ ប៉ុន្តែ SpaceX បានបង្ហើបថា គឺអាចទាក់ទងទៅនឹងម៉ាស៊ីន Raptor មួយនៅលើ Super Heavy Booster ដែលវាជាកន្លែងប្រម៉ូលផ្តុំថាមពលនៃ Starship។

បើទោះបីជាមានការបរាជ័យក៏ដោយ SpaceX បាននិយាយថាខ្លួននៅតែមានទំនុកចិត្តលើកម្មវិធី Starship នឹងត្រៀមបង្ហោះជាថ្មីម្តងទៀតនៅដើមឆ្នាំ២០២៥។ ការបរាជ័យលើកនេះ SpaceX បានរៀនច្រើនពីការហោះហើរសាកល្បងទាំងពីរលើក ហើយថាខ្លួនកំពុងធ្វើការផ្លាស់ប្តូរការរចនាយានអវកាសដើម្បីការពារបញ្ហាស្រដៀងគ្នានាពេលអនាគត៕