(បរទេស)៖ កំពូលតារាចម្រៀងអាមេរិក Taylor Swift បានពន្យារពេលកម្មវិធីមួយនៅទីក្រុង Rio de Janeiro ប្រទេសប្រេស៉ីល ដែលជាការសម្រេចចិត្តភ្លាមៗតែម្តង ដោយសារអាកាសធាតុឡើងកម្តៅខ្លាំងពេក រហូតធ្វើឲ្យអ្នកគាំទ្ររបស់នាងម្នាក់ បានស្លាប់អំឡុងទស្សនាការប្រគំតន្ត្រីរបស់នាង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣។

ការពន្យារពេលនេះ បានកើតឡើងបន្ទាប់ពីកម្តៅនៅក្នុងទីក្រុងបានកើនឡើងដល់ ៥៩អង្សាសេ កាលពីថ្ងៃសុក្រសប្តាហ៍នេះ នៅពេលដែលអ្នកគាំទ្រអាយុ២៣ឆ្នាំម្នាក់ ក្នុងចំណោមមនុស្សខ្ទង់៦ម៉ឺននាក់បានស្លាប់ ក្នុងអំឡុងពេលកម្មវិធី Eras Tour ដំបូងរបស់ Taylor Swift ក្នុងប្រទេសប្រេស៊ីល។ យ៉ាងណាមិញ ក្រោយទទួលបានដំណឹងនេះ  តារាចម្រៀង Taylor Swift បានសរសេរសារភ្លាមៗចេញពីបន្ទប់ផ្លាស់សម្លៀកបំពាក់ ដោយសម្រេចចិត្តពន្យារការប្រគំតន្ត្រីនៅយប់ថ្ងៃសៅរ៍ ដោយសារតែអាកាសធាតុឡើងកម្តៅខ្លាំងពេក។

នាងសង្កត់ធ្ងន់ថា «សុវត្ថិភាព និងសុខុមាលភាពរបស់អ្នកគាំទ្ររបស់ខ្ញុំ មិត្តរួមការងារ និងក្រុមការងារទាំងអស់ ត្រូវតែជាអាទិភាពចម្បង»។ នៅក្នុងការបង្ហោះរបស់ Swift នាងបាននិយាយថា នាងនឹងមិននិយាយពីកាស្លាប់របស់នារីរូបនេះលើឆាកឡើយ ព្រោះថានាងមានអារម្មណ៍សោកសៅយ៉ាងខ្លាំង នៅពេលដែលនាងព្យាយាមនិយាយអំពីរឿងនេះ។

យោងតាមលេខាធិការដ្ឋានសុខភាពទីក្រុង Rio បានរាយការណ៍ថា នារីវ័យក្មេង Ana Benevides បានស្លាប់កាលពីល្ងាចថ្ងៃសុក្រ បន្ទាប់ពីគាំងបេះដូងនៅក្នុងកីឡដ្ឋាន Nilton Santos អំឡុងពេលការប្រគំតន្ត្រីរបស់ Swift។ ទោះជាយ៉ាងណាក៏ដោយការស្លាប់របស់នាង ក៏កំពុងត្រូវបានស៉ើបអង្កេតបន្ថែមផងដែរ៕