(ភ្នំពេញ)៖ នាថ្ងៃទី ២២ ដល់ថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០២៣, មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” នឹងរៀបចំពិព័រណ៍ធុរកិច្ចឌីជីថលក្រោមមូលបទ “ធុរកិច្ចថ្មី នវានុវត្តន៍ និងបច្ចេកវិទ្យា ក្នុងបរិបទសេដ្ឋកិច្ច និងសង្គមឌីជីថល” នៅសណ្ឋាគារសូហ្វីតែលភូគីត្រា រាជធានីភ្នំពេញ។

ពិព័រណ៍នេះទទួលបានការគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមូលនិធិនៃការកសាងសមត្ថភាព និងការស្រាវជ្រាវ និងការអភិវឌ្ឍវិស័យទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
ពិព័រណ៍នេះមានគោលបំណងចម្បងចំនួន ៥ គឺ ១) ជំរុញបរិវត្តកម្មឌីជីថលសហគ្រាស និងលើកកម្ពស់សហគ្រិនភាព និងធុរកិច្ចថ្មី, ២) បញ្ជ្រាបការយល់ដឹងអំពី ធុរកិច្ចថ្មីដល់តួអង្គពាក់ព័ន្ធ ជាពិសេសទៅដល់យុវជនដែលមានបំណងចង់បង្កើតធុរកិច្ចថ្មី, ៣ ) ផ្សព្វផ្សាយអំពី នីតិវិធីចុះបញ្ជីអាជីវកម្ម, នីតិវិធីស្នើសុំអាជ្ញាបណ្ណជំនាញ និងសេវាគាំទ្រផ្សេងៗពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម និងការបង្កើតធុរកិច្ចថ្មី, ៤) ពង្រីកបណ្ដាញគាំទ្រ និងកៀរគរតួអង្គពាក់ព័ន្ធក្នុងការពង្រឹងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី និង ៥) ផ្សារភ្ជាប់សហគ្រិន និងនវានុវត្តន៍ជាមួយអ្នកជំនាញតាមវិស័យនីមួយៗ។

ពិព័រណ៍នេះនឹងមានការចូលរួមពីតំណាងថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ, ស្ថាប័នគាំទ្រសហគ្រិនភាព, គ្រឹះស្ថានធនាគារ, ធុរកិច្ចថ្មី, គ្រឹះស្ថានអប់រំ, ដៃគូអភិវឌ្ឍន៍, សហគ្រាស និងសិស្ស-និស្សិត ក៏ដូចជាសាធារណជនផងដែរ។ ពិព័រណ៍នេះក៏នឹងមានការបង្ហាញពីផលិតផល និងសេវាកម្មរបស់ស្ថាប័ននានា, បទបង្ហាញ និងកិច្ចពិភាក្សាស៊ីជម្រៅលើប្រធានបទមួយចំនួន ដែលទាក់ទងនឹងសេដ្ឋកិច្ចឌីជីថល, យុទ្ធសាស្រ្ត និងការប្រើប្រាស់បច្ចេកវិទ្យាក្នុងដំណើរការអាជីវកម្ម ក៏ដូចជាយុទ្ធសាស្ត្រ និងសេវាកម្មរបស់រាជរដ្ឋាភិបាល និងតួអង្គពាក់ព័ន្ធដែលគាំទ្រដល់សហគ្រាសដើម្បីចាប់យកឌីជីថលជាដើម៕