(ភ្នំពេញ)៖ នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ មានសកម្មភាពខ្លះអាចនឹងបង្កឱ្យមានវិវាទកើតឡើង ប្រសិនបើករណីភាគីនៃវិវាទមិនយល់ព្រមសម្របសម្រួលគ្នាក្នុងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីបញ្ចប់វិវាទដោយសន្តិវិធីទេ នោះនឹងឈានដល់ការដោះស្រាយតាមផ្លូវតុលាការ រហូតមានការសម្រេចសេចក្តីតាមរយៈ សាលក្រម សាលដីកា ឬដីកាសម្រេច ដើម្បីឱ្យគូភាគីអនុវត្តតាមសេចក្តីសម្រេចនោះ ។ ប៉ុន្តែប្រសិនបើភាគីមិនសុខចិត្តនឹងសេចក្តីសម្រេចនោះទេ ភាគី អាចប្តឹងទាស់ ឬ/និង ប្តឹងឧបាស្រ័យទៅនឹងសេចក្តីសម្រេ ចនោះមុនពេលចូលជាស្ថាពរ ។

ចំណែកឯសេចក្តីសម្រេចដែលបានចូលជាស្ថាពរ ក៏អាចដាក់បណ្តឹងបានផងដែរ ដោយក្រមនីតិវិធីរដ្ឋប្បវេណី ត្រង់គន្ថីទី៤ ជំពូកទី២ បានបញ្ញត្តិក្នុងមាត្រា៣០៧ និងមាត្រា៣០៨ អំពីមូលហេតុនៃការជំនុំជម្រះសាជាថ្មី ដែលជាបណ្តឹងមួយអាចទាមទារដល់តុលាការថ្នាក់ដដែល ធ្វើការវិនិច្ឆ័យ និងសម្រេចសេចក្តីជាថ្មីលើសេចក្តីសម្រេចដែលបានចូលជាស្ថាពររួចហើយនោះ ។ ដើម្បីជៀសវាងនូ វការខូចផលប្រយោជន៍របស់ភាគី ច្បាប់ក៏បានកំណត់អំពីអំឡុងពេលនៃការធ្វើបណ្តឹងទាមទារឱ្យជំនុំជម្រះសាជាថ្មីនេះ ។

តើបណ្តឹងទាមទារឱ្យជំនុំជម្រះសាជាថ្មីត្រូវធ្វើឡើងក្នុងអំឡុងពេលណា?

ដូច្នេះដើម្បីយល់ដឹងឱ្យបានកាន់តែច្បាស់អំពី «អំឡុងពេលនៃការជំនុំជម្រះសាជាថ្មី» កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News ដែលសហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ នៅក្នុងសប្តាហ៍នេះ នឹងធ្វើការបង្ហាញជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតដូចខាងក្រោម។

ចំពោះបណ្តឹងទាមទារឱ្យជំនុំជម្រះសាជាថ្មី ត្រូវធ្វើនៅក្នុងអំឡុងពេល ៣០ (សាមសិប) ថ្ងៃ ដោយគិតចាប់ពីថ្ងៃដែលភាគីបានដឹងពីមូលហេតុនៃការជំនុំជម្រះសាជាថ្មី ក្រោយពេល ដែលសាលក្រម ឬសាលដីកា បានចូលជាស្ថាពរ ។ អំឡុងពេលដែលបានកំណត់ខាងលើនេះ មិនអាចពន្យារបានឡើយ ប៉ុន្តែអំឡុងពេល ៣០ (សាមសិប) ថ្ងៃនៃការដាក់បណ្តឹងនេះ មិនត្រូវយកមកអនុវត្តឡើយ ចំពោះមូលហេតុដែល បានកំណត់នៅក្នុង កថាខណ្ឌទី១ ចំណុច គ នៃមាត្រា៣០៧ មូលហេតុនៃការខ្វះសិទ្ធិតំណាង  និង កថាខណ្ឌទី១ ចំណុច ញ នៃមាត្រា៣០៧ មូលហេតុនៃការប៉ះពាល់ដល់សាលក្រម ឬ សាលដីកា ដែលបានចូលជាស្ថាពរហើយ ករណីនេះភាគីអាចដាក់ពាក្យបណ្ដឹងទាម ទារ ឱ្យជំនុំជម្រះសាជាថ្មីបានដោយមិនត្រូវកម្រិតអំពីអំឡុងពេល៣០ (សាមសិប) ថ្ងៃខាងលើនេះទេ ។

ប្រសិនបើអំឡុងពេល ៥ (ប្រាំ) ឆ្នាំ បានកន្លងផុត ភាគីពុំអាចប្តឹងទាមទារឱ្យជំនុំជម្រះសាជាថ្មីបានឡើយ ដោយគិតពីថ្ងៃដែលសាលក្រម ឬ សាលដីកាបានចូលជាស្ថាពរ ឬ គិតពីថ្ងៃដែលមូលហេតុនៃការជំនុំ ជម្រះសាជាថ្មីកើតឡើង ក្នុងករណីដែលមូលហេតុនោះ កើតឡើងក្រោយពេលសាលក្រម ឬ សាលដីកាបានចូលជាស្ថាពរ ។ ចំពោះករណីខ្វះសិទ្ធិតំណាង និងករណីប៉ះពាល់ដល់សាលក្រម ឬសាលដីកាមុន ដែលបានចូលជាស្ថាពរហើយ ច្បាប់បានផ្តល់សិទ្ធិអត្ថិភាពសម្រាប់ជួយសង្គ្រោះដល់ភាគី ទោះបីហួសរយៈពេល៣០ (សាមសិប) ថ្ងៃគិតចាប់ពីថ្ងៃបានដឹងពីមូលហេតុនៃការជំនុំជំម្រះសាជាថ្មីក្តី ឬអំឡុងពេល៥ ឆ្នាំ បានកន្លងផុត ដោយគិតពីថ្ងៃដែលសាលក្រម  សាលដីកាបានចូលជាស្ថាពរ ឬ គិតពីថ្ងៃដែលមូលហេតុនៃការជំនុំ ជម្រះសាជាថ្មីកើតឡើងក្តី ក៏អាចដាក់បណ្តឹងទាមទារឱ្យជំនុំជម្រះសាជាថ្មីបានដែរ ។ អំឡុងពេលនៃការធ្វើបណ្តឹងទាមទារឱ្យជំនុំជម្រះសាជាថ្មីខាងលើនេះ មានបញ្ញត្តិនៅមាត្រា៣១១ នៃក្រមនីតិវិធីរដ្ឋប្បវេណី ។

លើសពីនេះដីកាសម្រេចដែលបានចូលជាស្ថាពរក៏អាចដាក់ពាក្យសុំឱ្យជំនុំជម្រះសាជាថ្មីបានដែរ ហើយកំណត់អំឡុងពេលធ្វើបណ្តឹងដូចគ្នាចំពោះដីកាសម្រេចណា ដែលអាចប្តឹងឧបាស្រ័យដោយបណ្តឹងជំទាស់ ដោយត្រូវអនុវត្តដូចគ្នានឹងបញ្ញត្តិមាត្រា ៣០ ៧ រហូតដល់មាត្រា ៣១៦ នៃក្រមនីតិវិធីរដ្ឋប្បវេណីផងដែរ ។

សរុបជារួមមក អំឡុងពេលនៃការជំនុំជម្រះសាជាថ្មី ភាគីត្រូវដាក់ពាក្យបណ្ដឹង ឬពាក្យសុំ ក្នុងអំឡុងពេលដែលច្បាប់បានកំណត់ចំពោះសាលក្រម សាលដីកា ឬដីកាសម្រេចណាដែលបានចូលជាស្ថាពររួចហើយ ដើម្បីទាមទារឱ្យតុលាការកែប្រែ លុបចោល ឬផ្លាស់ប្តូរសេចក្តីសម្រេចនោះ ជៀសវាងការខូចប្រយោជន៍របស់ភាគីនៃបណ្តឹង។

រៀបរៀងដោយ៖ មេធាវី ទ្រី ស្រីល័ក្ខណ និងកញ្ញា ហេង មរកត ជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថ បទ ច្បាប់ នៃក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារស៊ីអាយស៊ី (CIC) លេខ ១២៦៥ ផ្លូវលំ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០៧៨ ២៧២ ៧៨៥ អ៉ីម៉ែល៖ [email protected] , គេហទំព័រ៖ www.ciclf.com  (http://www.ciclf.co/) , ហ្វេសប៊ុកផេក៖ Cambodia International Cooperation Law Firm ៕