(បរទេស)៖ គិតត្រឹមពេលនេះ សហព័ន្ធ UEFA រកបានឃើញ ១៦ក្រុម ក្នុងចំណោម ២៤ក្រុម ដើម្បីឡើងទៅលេងជុំចុងក្រោយពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប European Championship នៅប្រទេសអាល្លឺម៉ង់នាឆ្នាំក្រោយនេះ។

វគ្គចែកពូលចំនួន ២៤ក្រុមនឹងចាប់ផ្តើមប្រកួតសន្សំពិន្ទុចាប់ពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ នៅទីតាំង ១០កីឡដ្ឋាន នៃប្រទេសអាល្លឺម៉ង់តែមួយគត់ ដ្បិតការប្រកួតជម្រុះតាមពូលនីមួយៗនាពេលនេះ ជិតឈានដល់ទីបញ្ចប់ហើយ និងរកឃើញជិតគ្រប់ចំនួនផងដែរ ដើម្បីឡើងទៅប្រជែងពានជំនាន់ទី១៧ នេះ។

១៥ក្រុមដែលបានឆ្លងផុតវគ្គជម្រុះ និងអាល្លឺម៉ង់មិនលេងជម្រុះ ក្នុងនាមម្ចាស់ផ្ទះនោះរួមមាន អាល់បានី អូទ្រីស ប៊ែលហ្សិក ដាណឺម៉ាក បារាំង អាល្លឹម៉ង់ ហុងគ្រី ហូឡង់ ព័រទុហ្គាល់ រ៉ូម៉ានី ស្កុតឡេន ស្លូវ៉ាគី អេស្ប៉ាញ ស្វីស តួកគី និងក្រុមរងជើងឯក តោកំណាចអង់គ្លេស ស្របពេលក្រុមការពារជើងឯក អាសូរីអ៊ីតាលី មិនទាន់បានកក់កៅអីនៅឡើយទេ។

គួរបញ្ជាក់ផងថា Euro 2024 ទំនងជាពានធំចុងក្រោយ ដែលខ្សែប្រយុទ្ធ Cristiano Ronaldo បង្ហាញខ្លួន និងត្រៀមចាប់ដៃគូជាមួយ Bruno Fernandes, Bernardo Silva, Rafael Leao និង Joao Felix នៅប្រទេសអាល្លឺម៉ង់នាអំឡុងខែមិថុនា ដល់ខែកក្កដា ឆ្នាំ២០២៤ ក្រោយពេលព័រទុយហ្គាល់ធ្លាប់ឈ្នះពានប្រចាំតំបន់ នេះលើកដំបូងកាលឆ្នាំ២០១៦ ធ្វើនៅបារាំង៕