(ប៉ារីស)៖ ក្រុមបាល់ទាត់ជម្រើសជាតិបារាំង បានបំបាក់គូប្រជែងហ្ស៊ីប្រាតាមិនឲ្យងើបមុខរួច តាមរយៈយកឈ្នះដល់ទៅ ១៤ទល់នឹង០ ស្របពេលប្រធានក្រុម Kylian Mbappe រកបាន ៣គ្រាប់ម្នាក់ឯងនាយប់មិញនេះ នៃវគ្គជម្រុះពានរង្វាន់អឺរ៉ុប UEFA Euro 2024។

នេះគឺជាជ័យជម្នះដ៏ធំសម្បើមសម្រាប់ក្រុមមាន់គកបារាំងនៃវគ្គជម្រុះ Euro ជំនាន់ទី១៧ ដែលមានប្រទេសអាល្លឺម៉ង់ធ្វើ ម្ចាស់ផ្ទះនាឆ្នាំក្រោយ ដ្បិតពួកគេបានកក់កៅអីរួចរាល់ហើយ ដែលឈរនៅកំពូលតារាងប្រចាំពូល B។

ក្នុងជំនួបទល់នឹងក្រុមដែលនៅសល់សមាជិកតែ ១០នាក់ចាប់ពីនាទីទី១៨ មក និងឈរនៅបាតតារាងផងនោះ បារាំងមានកីឡាករវ័យក្មេងជាងគេជាប្រវត្តិសាស្រ្តរបស់ពួកគេចូលលេងជាលើកដំបូង គិតចាប់តាំងពីឆ្នាំ១៩១៤ គឺកីឡាករ Warren Zaire-Emery វ័យទើបតែ ១៧ឆ្នាំ និង ១១ថ្ងៃ ដែលត្រូវបានជ្រើសរើសចេញពីក្លិបក្នុងស្រុក Paris St. Germain និងរកបាន ១គ្រាប់ផងដែរ ក្នុងចំណោម ៧គ្រាប់សម្រាប់វគ្គទី១ ក្នុងកីឡដ្ឋាន Allianz Riviera។

ស្ថិតក្នុងការប្រកួតម៉ោងធម្មតា ៩០នាទី បារាំងដែលជាក្រុមរងជើងឯកពាន World Cup 2022 នៅកាតា បានស៊ុតចំគោលដៅចំនួន ៣៩ដង នៅពេលក្រុមភ្ញៀវហ្ស៊ីប្រាតាវិញ ពុំមានឱកាសទាត់ចំគោលដៅសូម្បីតែម្តងសោះ៕