(ភ្នំពេញ)៖ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានរៀបចំការប្រកួតពានរង្វាន់ Annual Tep Kunnah Memorial Cup 2023 លើកទី២៨ ដើម្បីរំលឹកគុណ និងឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធលោក ទេព ឃុនណា អតីតកីឡាករវាយកូនបាល់ជម្រើសជាតិកម្ពុជាដ៏ល្បីឈ្មោះ ក្នុងទសវត្សរ៍ទី៦០។ ការប្រកួតនេះ រៀបចំឡើង ២ថ្ងៃ នៅថ្ងៃទី១៨-១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីលាននៃពហុកីឡដ្ឋានជាតិមរតកតេជោ។

លោក ជា ពៅ គណៈកម្មការរៀបចំការប្រកួតខាងលើបានបញ្ជាក់ថា នេះគឺជាផ្នែកមួយ នៃផែនការប្រកួតប្រចាំឆ្នាំរបស់សហព័ន្ធ ស្របតាមបណ្ដាំរបស់លោក ទេព ឃុនណា មុនលោកចែកឋាន ដែលផ្ដាំឲ្យរៀបចំការប្រកួតនេះឡើង ដើម្បីផ្ដល់ឱកាសឲ្យកីឡាករ-កីឡាការិនីវាយកូនបាល់កម្ពុជា ពិសេសយុវជនថ្នាល ដែលកំពុងហ្វឹកហាត់តាមបណ្ដាក្លិប បានចូលរួមប្រកួតប្រជែង បង្ហាញសមត្ថភាព និងផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមក។

លោកថា ការប្រកួតនេះ មានក្រុមកីឡាករ-កីឡាការិនីវ័យក្មេង មកពី ៣ខេត្តចូលរួម។ នេះគឺជាឱកាសល្អ ដើម្បីពង្រឹងសមត្ថភាពពួកគេ ព្រោះជាការប្រកួតដែលជំរុញឲ្យកីឡាករ-កីឡាការិនី ត្រូវបញ្ចេញឲ្យអស់ពីសមត្ថភាព ដើម្បីទទួលបានលទ្ធផលល្អ។ ដូច្នេះលោកក៏បានអំពាវនាវអ្នកស្នេហាវិស័យកីឡាមួយនេះ បន្ដចូលរួម និងគាំទ្រជាមួយសហព័ន្ធ ដើម្បីរួមចំណែកជំរុញការអភិវឌ្ឍវិស័យកីឡាវាយកូនបាល់កម្ពុជាឲ្យកាន់តែរីកចម្រើថែមទៀត។

គួរដឹងថា ការប្រកួតពានរង្វាន់ Annual Tep Kunnah Memorial Cup 2023 គឺមានវិញ្ញាសាប្រកួត ៤ប្រភេទអាយុ គឺអាយុក្រោម ១០ឆ្នាំបុរស-នារី, អាយុក្រោម ១២ឆ្នាំបុរស-នារី, អាយុក្រោម ១៤ឆ្នាំបុរស-នារី និងអាយុក្រោម ១៨ឆ្នាំបុរសនារី។ ក្រោយចប់ការប្រកួត សម្រាប់កីឡាករ-កីឡាការិនីដែលដណ្ដើមបានជយលាភី សហព័ន្ធក៏នឹងមានរៀបចំរង្វាន់លើកទឹកចិត្ដផងដែរ៕