(ភ្នំពេញ)៖ តារាចម្រៀងល្បីឈ្មោះគួរសម ក្នុងមជ្ឈដ្ឋានសិល្បៈគឺកញ្ញា រតនៈ ពិសី ដែលមានឈ្មោះពិតថា កែវ ពិសី កំពុងតែទទួលរងនូវព័ត៌មាន សមត្ថកិច្ចធ្លាប់កោះហៅឲ្យចូលបំភ្លឺ ជុំវិញករណីចេញសែកគ្មានសាច់ប្រាក់ (សែកស្អុយ) តាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ ដែលបានដាក់ចូលទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី២០ ខែកញ្ញា និងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ កន្លងទៅ។ ជុំវិញរឿងរ៉ាវជំពាក់ប្រាក់ និងចេញសែកស្អុយនៅពេលនេះ ត្រូវបានតារាចម្រៀងរូបស្រស់ រតនៈ ពិសី អះអាងថា រូបនាងក៏ចាញ់បោកគេដូចគ្នា ហើយអ្នកដែលជំពាក់ប្រាក់នាងរាប់ម៉ឺនដុល្លារ ក៏កំពុងរត់គេចខ្លួនអស់ ពោលគឺទុកឲ្យរូបនាងរ៉ាប់រងសងតែម្នាក់ឯង។ ជាមួយគ្នានេះ ជនរងគ្រោះដែលជាម្ចាស់លុយ ទទូចឲ្យតារាចម្រៀងរូបនេះចូលខ្លួនមកដោះស្រាយ ចៀសវាងការគេចវេសមិនទទួលខុសត្រូវបែបនេះ។

យោងតាមពាក្យបណ្ដឹងរបស់ឈ្មោះ ផាន សូរិយា ដែលបានដាក់ចូលទៅកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ អគ្គស្នងការនគរបាលជាតិ, លោកឧត្តមសេនីយ៍ឯក ង៉េង ជូ ប្រធាននាយកដ្ឋាន បានចេញលិខិតកោះ អញ្ជើញតារាចម្រៀង កែវ ពិសី ហៅ រតនៈ ពិសី ចំនួន២លើក ឲ្យចូលមកបំភ្លឺនៅនាយកដ្ឋាន កាលពីថ្ងៃទី២០ ខែកញ្ញា និងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ជុំវិញករណីមិនបំពេញកាតព្វកិច្ច លើឧបករណ៍ដែលជួញដូរបាន (សែកស្អុយ), រំលោភលើទំនុកចិត្ត។

ជុំវិញករណីនេះ បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាថ្មី ខណៈដែលរឿងរ៉ាវជំពាក់ប្រាក់តៗគ្នា ព្រោះតែការលេងតុងទីននេះ គឺកំពុងតែកើតមានឡើងយ៉ាងកក្រើក ក្នុងសង្គមសព្វថ្ងៃ។ មានតារាល្បីៗជាច្រើននាក់មកហើយ បានជួបនូវបញ្ហានេះ ព្រោះតែការក្បត់ទំនុកចិត្ត និងការបោកប្រាស់គ្នា រហូតដល់មានអ្នកសិល្បៈខ្លះ កំពុងជាប់ឃុំក៏មាន។ យ៉ាងណាមិញតារាចម្រៀង រតនៈ ពិសី ក៏កំពុងរងទុក្ខញាំញី ជួបនូវបញ្ហាស្មុគស្មាញ ដោះស្រាយបំណុលមិនចេញដូចគ្នា ព្រោះអ្នកដែលលេងតុងទីន ជាពិសេសកូនតុងទីនរបស់នាង បានបោកប្រាស់នាង ដោយប្រមូលប្រាក់រត់គេចអស់ ហើយទុកឲ្យនាងប្រឈមមុខដោះស្រាយម្នាក់ឯង។

តារាចម្រៀង រតនៈ ពិសី បានថ្លែងប្រាប់ Fresh News Plus ឲ្យដឹងថា ជុំវិញបញ្ហាបំណុលទាំងអស់នេះ គឺនាងនឹងប្រឈមមុខដោះស្រាយ ពោលគឺមិនគេចវេសនោះទេ ប៉ុន្តែនាងទទូច និងអង្វរដល់ម្ចាស់បំណុល មេត្តាទុកពេលវេលាដល់រូបនាង នៅក្នុងការរកប្រាក់សង ព្រោះតែរូបនាងក៏ចាញ់បោកគេដូចៗគ្នា ហើយក៏កំពុងដាក់ពាក្យប្ដឹង កោះហៅអ្នកជំពាក់មកចូលខ្លួនដោះស្រាយ នៅអគ្គស្នងការនគរបាលជាតិ ខណៈដែលអ្នកទាំងនោះកំពុងរត់គេចខ្លួនអស់។

រតនៈ ពិសី បានបន្តទាំងអារម្មណ៍ក្ដុកក្ដួលអួលដើមកថា ព្រោះតែនាងបានធ្វេសប្រហែស ផុងលង់ខ្លួនចាញ់បោកគេនេះហើយ ទើបរហូតមកដល់ពេលនេះ នាងត្រូវអស់ផ្ទះ, អស់ឡាន, អស់ខុនដូ, អស់អ្វីៗគ្រប់យ៉ាង ដោយត្រូវបង្ខំចិត្តលក់ ដើម្បីសងបំណុលគេ ដើរស្នាក់នៅជាមួយបងប្អូន ហើយការរកចំណូលក៏ត្រូវបាត់បង់។ ពិសីបង្ហើបថា អ្នកដែលគេចវេសជំពាក់ប្រាក់របស់នាង ហើយមិនសងនោះ គឺមានទាំងតារាល្បីឈ្មោះ អ្នកមានមុខមានមាត់ក្នុងសង្គម ដែលសរុបគឺប្រមាណជិត ៤០ម៉ឺនដុល្លារឯណោះ។

យ៉ាងណាក៏ដោយសម្រាប់ម្ចាស់បំណុល បានបញ្ជាក់ថា តាមដីកាកោះហៅរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌទាំង២លើកនោះ តារាចម្រៀងរូបនេះ មិនដែលបានចូលបំភ្លឺនោះឡើយ។

តារាចម្រៀងធ្លាប់មានជីវិត និងជីវភាពឡូយឆាយរូបនេះ បានបន្ថែមទៀតថា នាងនៅតែប្រកាសជំហថា មិនគេចវេសទៅណាឡើយ ប៉ុន្តែសូមស្នើដល់ម្ចាស់បំណុលទាំងអស់ មេត្តាយោគយល់ដល់នាងក្នុងកាលៈទេសៈនេះ ហើយមិនត្រូវប្ដឹងនាងចង់បានម្ដងទាំងអស់ ឬទាំងដុលបែបនេះទេ ព្រោះត្រូវមកពិភាក្សាគ្នារកវិធីដោះស្រាយ ដោយត្រូវសងជាដំណាក់កាល គឺបង់ជាខែតាមលទ្ធភាពដែលអាចធ្វើទៅបាន ព្រោះម្ចាស់បំណុលក៏បានមើលឃើញ ពីស្ថាភាពជាក់ស្ដែងរបស់នាងនៅពេលនេះដែរ៕