(បរទេស)៖ របាយការណ៍ពី Bloomberg បានឱ្យដឹងថា ផែនការផលិតបន្ទះឈីប 5G ដំបូងបង្អស់របស់ក្រុមហ៊ុន Apple នឹងត្រូវពន្យាពេលប្រកាសចេញ ១ឆ្នាំបន្ថែមទៀត ដោយសារគម្រោងនេះមានបញ្ហាច្រើនពេក។ ពោលគឺ អាចនឹងបង្ហាញខ្លួនរហូតដល់ចុងឆ្នាំ២០២៥ ឬដើមឆ្នាំ២០២៦ ឯណោះ ដែលជំនួសឱ្យគោលដៅដំបូងនៅដើមឆ្នាំ២០២៥ របស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣។

ចំពោះមូលហេតុនៃការពន្យាពេលនេះមិនត្រូវបានប្រភពបញ្ជាក់លម្អិតនោះទេ ប៉ុន្តែត្រូវបានគេរំពឹងថា ទំនងមកពីភាពស្មុគ្រស្មាញដែលពាក់ព័ន្ធនឹងការផលិតបន្ទះឈីបដែលមានប្រសិទ្ធភាពខ្ពស់ដែលអាចភា្ជប់ទៅនឹងបណ្តាញ Networks ទូទាំងពិភពលោក។

យ៉ាងណាមិញដើម្បីដោះស្រាយការយឺតយ៉ាវនេះ ក្រុមហ៊ុន Apple បានបន្តកិច្ចសន្យារបស់ខ្លួនជាមួយក្រុមហ៊ុន Qualcomm ក្នុងរយៈពេល ៣ឆ្នាំបន្ថែមទៀត ខណៈការផ្គត់ផ្គង់នឹងមានដល់ឆ្នាំ២០២៦ ដោយធានាថា iPhone របស់ខ្លួនបន្តមានលទ្ធភាពប្រើប្រាស់បច្ចេកវិទ្យា 5G ដដែលរហូតដល់បញ្ហាត្រូវបានដោះស្រាយ។

គួរជម្រាបដែរថា បច្ចុប្បន្ននេះមានតែក្រុមហ៊ុនមួយចំនួនប៉ុណ្ណោះដែលផលិតបន្ទះឈីប 5G ទទួលបានជោគជ័យក្នុងនោះរួមមាន Qualcomm, Samsung, Huawei, Media Tek និង Intel ទាំងនេះក៏ដោយសារតែការផលិតមានលក្ខណៈស្មុគ្រស្មាញពេក៕