(បរទេស)៖ តារាចម្រៀងស្រី R&B Cassandra Ventura ថ្ងៃព្រហស្បតិ៍នេះបានដាក់ពាក្យប្តឹទៅកាន់តុលាការសហព័ន្ធ ដោយចោទប្រកាន់អតីតសង្សាររបស់នាង គឺតារារ៉េប Sean Combs ពីបទធ្វើបាបរូបរាងកាយ ការជួញដូរ និងរំលោភផ្លូវភេទលើរូបនាង ដោយបង្ខំនាងឱ្យចូលរួមក្នុងសកម្មភាពផ្លូវភេទ ជាមួយបុរសលក់ខ្លួនជាច្រើនដែលតារារ៉េបរូបនេះជួលមក ខណៈរូបគេអង្គុយមើល និងថតវីដេអូទុកមើល ដើម្បីភាពរីករាយរបស់ខ្លួន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣។

តាមពាក្យបណ្តឹងដែលត្រូវបានដាក់នៅតុលាការ ទីក្រុង Manhattan សហរដ្ឋអាមេរិក បានចោទប្រកាន់តារារ៉េប Sean Combs (ស្ហន ខមស៍) ថាបានវាយដំអតីតមិត្តស្រីខ្លួនជាប្រចាំក្នុងរយៈពេល ១០ឆ្នាំ ដែលពួកគេជាសង្សារ និងជាតារាចម្រៀងក្នុងផលិតកម្ម ដោយបានគ្រប់គ្រងនាងតាមរយៈការបំភិតបំភ័យ និងការប្រើគ្រឿងញៀន និងគ្រឿងស្រវឹង។ តែយ៉ាងណា ជុំវិញការចោទប្រកាន់នេះ មេធាវីរបស់ Sean Combs (ស្ហន ខមស៍) បានចេញសេចក្តីថ្លែងការណ៍មួយ ដោយនិយាយថាកូនក្តីរបស់លោក «បដិសេធយ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់ដ៏ប្រមាថទាំងនេះ» និងថា Ventura បានដាក់ពាក្យបណ្តឹងជាមួយការកុហកគ្មានមូលដ្ឋាន បន្ទាប់ពីបរាជ័យក្នុងការប៉ុនប៉ងបង្ខូចកេរ្តិ៍ឈ្មោះ Sean Combs និងគំរាមឲ្យគេបង់ប្រាក់ ៣០លានដុល្លារដល់នាង។

គួរជម្រាបថា លោក Combs អាយុ៥៤ ឆ្នាំ ជាស្ថាបនិកផលិតកម្ម Bad Boy Records គឺជាអ្នកផលិត និងនាយកប្រតិបត្តិដ៏មានឥទ្ធិពលបំផុតម្នាក់ នៅក្នុងវិស័យហ៊ីបហប។ លោកក៏ទទួលជោគជ័យយ៉ាងខ្លាំងផងដែរ ក្នុងមុខជំនួញប្រេនសម្លៀកបំពាក់ Sean John (ស្ហន ចន)។ នៅឆ្នាំ២០១៧ ទស្សនាវដ្ដី Forbes (ហ្វប់ស៍) បានចាត់ថ្នាក់លោកជាតារាចម្រៀង មានប្រាក់ចំណូលខ្ពស់បំផុតរបស់ពិភពលោក បន្ទាប់ពីអាចរកបានប្រហែល ១៣០លានដុល្លារក្នុងមួយឆ្នាំ៕