(ក្រុងឡុងដ៍)៖ ក្លិបបាល់ទាត់ស្ករគ្រាប់ Everton ត្រូវបានកាត់ចំនួន ១០ពិន្ទុចេញពីលីគកំពូលអង់គ្លេស បន្ទាប់ពីរកឃើញថា បានរាយការណ៍មិនច្បាស់លាស់ពីចំណូលចំណាយប្រចាំឆ្នាំរបស់ខ្លួនក្នុង Premier League។ នេះបើយោងតាមសារព័ត៌មាន Livescore ចេញផ្សាយនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣។

Premier League បានឱ្យដឹងថា «Premier League បានសម្រេចដាក់ទណ្ឌកម្មលើក្លិបនេះ និងបានបញ្ជូនករណីនេះ ទៅកាន់គណៈកម្មការឯករាជ្យផងដែរ កាលពីដើមខែនេះ»

«នៅអំឡុងពេលសួរនាំ ក្លិបក៏បានសារភាពថា ខ្លួនបានបំពានច្បាប់ PSRs នៅអំឡុងពេលបញ្ចប់រដូវកាលឆ្នាំ២០២១-២២ ពិតមែន ក៏ប៉ុន្តែទំហំនៃការបំពាន នៅតែបន្តស្ថិតក្នុងការស៊ើបអង្កេតបន្ថែមទៀតដែរ»

លីគកំពូលអង់គ្លេសមួយនេះបានបន្ថែមថា «បន្ទាប់ពីការកាត់ក្តី ៥ថ្ងៃកាលពីខែមុន បានរកឃើញថា Everton ខាតបង់ទឹកប្រាក់ចំនួន ១២៤.៥លានផោន លើសពីកម្រិត ១០៥លានផោនដែលច្បាប់ PL បានកំណត់។

ទណ្ឌកម្មនេះដែរ បានធ្វើឪ្យអ្នកចាត់ការទូទៅ លោក Sean Dyche ឈឺក្បាលយ៉ាងខ្លាំង នៅពេល Everton បានធ្លាក់ពីលេខ១៤ ទៅឈរនៅលេខរៀងទី១៩ ក្បែរបាតតារាងវិញ ដែលប្រឈមនឹងការកាត់ចេញពីលីគ ដ្បិតនៅសល់តែ ៤ពិន្ទុប៉ុណ្ណោះ ស្មើក្រុមបាតតារាង Burnley៕