(ក្រុងឡុងដ៍)៖ ខ្សែបម្រើ Jude Bellingham របស់ក្លិប Real Madrid ត្រូវបានបោះឆ្នោតជាប់ជាកីឡាករ័យក្មេងលេងល្អបំផុតប្រចាំឆ្នាំ២០២៣ របស់ UEFA បន្ទាប់ពីមិត្តរួមជាតិ Raheem Sterling បានឈ្នះពាននេះកាលឆ្នាំ២០១៤។

Bellingham ដែលមានវ័យទើបតែ ២០ឆ្នាំ ត្រូវបានគេចាត់ទុកថា ជាកីឡាករលេងល្អជាងគេ ស្ថិតក្រោមវ័យ ២១ឆ្នាំ បើប្រៀបធៀបបណ្តាក្លិបលីគកំពូលធំៗប្រចាំទ្វីបអឺរ៉ុបទាំងមូល បន្ទាប់ពីរូបគេបានផ្ទេរចេញពីក្លិបអាល្លឺម៉ង់ Borussia Dortmund មកចូលរួមជាមួយ Real Madrid របស់អេស្ប៉ាញរដូវកាលនេះ ដោយស៊ុតបាន ១៣គ្រាប់ និងបញ្ជូនបាន ៣គ្រាប់ផងដែរ ពីការចូលលេង ១៤ប្រកួតសរុប។

បើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC បានឲ្យដឹងនៅថ្ងៃនេះថា ពានរង្វាន់ឯកត្តជនប្រចាំឆ្នាំនេះ ត្រូវបានទទួលស្គាល់ថា Bellingham ជាកីឡាករលេងល្អបំផុតនៅឯពិធីប្រគល់ពានបាល់មាស Ballon d’Or ក្នុងខែតុលា ឆ្នាំ២០២៣ នៅប្រទេសបារាំង។

នេះមានន័យថា Bellingham បានក្លាយជាកីឡាករបាល់ទាត់អាជីពទី២ របស់អង់គ្លេសដែលឈ្នះពាន Golden Boy គិតចាប់តាំងពីឆ្នាំ២០១៤ មកដែលពាននេះឈ្នះដោយកីឡាករ Chelsea គឺ Raheem Sterling កាលលេងឪ្យ Liverpool ជាមួយនឹងកីឡាករផ្សេងទៀតដែលបានឈ្នះពាននេះដែររួមមាន Wayne Rooney, Lionel Messi, Kylian Mbappe និង Erling Haaland ទៀតផង៕