(ភ្នំពេញ)៖ សិស្សានុសិស្សចំនួន៣រូប របស់សាលាអន្តរជាតិ វេសវីយូ កម្ពុជា បានធ្វើដំណើរត្រឡប់មកពីការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Scholars’ Cup -Tournament of Champions ពីសហរដ្ឋអាមេរិក ប្រកបដោយជោគជ័យ។

បើទោះបីនេះ គឺជាលើកទី១ ដែលសិស្សានុសិស្សទាំងនោះ បានចូលរួមក្នុងការប្រកួតតស៊ូមតិ ការសរសេរតែងសេចក្តី និងប្រលងលើចំណេះដឹងទូទៅសាកលជាមួយនឹង World Scholars’ Cup ក៏ពិតមែន តែពួកគាត់បានឈ្នះសិទ្ធិជាបេក្ខភាព ប្រកួតឡើងដល់វគ្គផ្តាច់ព្រ័ត្រ Tournament of Champions នៅឯសាកលវិទ្យាល័យ យ៉េល នាសហរដ្ឋអាមេរិក ហើយថែមទាំងទទួលបានជ័យលាភីមេដាយមាសគ្រប់ៗគ្នា នៅលើគ្រប់វិញ្ញាសារប្រកួតទាំងអស់។

អ្វីដែលដែលជាទីមោទននោះគឺ ក្រុមសិស្សានុសិស្សទៅប្រកួតមានចំនួនតែ៣នាក់ប៉ុណ្ណោះ ក៏ប៉ុន្តែសិស្សទាំងនោះ ត្រូវបានជ្រើសតាំងឡើងកាន់ដង្ហែទង់ជាតិ តំណាងឱ្យព្រះរាជាណាចក្រកម្ពុជា បង្ហាញជូនជាតិសាសន៍នានាមកពីជាង ៥០ប្រទេសដទៃទៀត ក្នុងពិធីបិទការប្រកួតដ៏អធិកអធមមួយនេះ។

នេះពិតជាជោគជ័យដ៏ត្រចះត្រចង់មួយបន្ថែមទៀត ដែលសាលាសាលាអន្តរជាតិ វេសវីយូ កម្ពុជា ទទួលបាន ពីបេសកកម្ម និងចក្ខុវិស័យច្បាស់លាស់ប្រាកដ ក្នុងការបណ្តុះបណ្តាលសិស្សានុសិស្ស ឱ្យមានសមត្ថភាពជាសាកល និងទទួលបានជោគជ័យទាំងក្នុងស្រុក និងលើឆាកអន្តរជាតិ។ ដូច្នេះសាលា ក៏ដូចជាលោកគ្រូអ្នកគ្រូនិងបុគ្គលិកទាំងអស់ សូមចូលរួមអបអរសាទរដល់បេក្ខភាពជ័យលាភីឆ្នើមរបស់យើង និងសូមជូនពរឱ្យកូនៗសម្រេចបាននូវជោគជ័យដែលកូនប៉ងប្រាថ្នាជាបន្តបន្ទាប់ទៀត៕