(បរទេស)៖ សេវាកម្មស្រ្ទីមតន្រ្តី Spotify បានប្រកាសថា ខ្លួននឹងចាប់ផ្តើមប្រើប្រាស់បញ្ញសិប្បនិម្មត្តិ AI របស់ Google ក្រោយពីក្រុមហ៊ុនទាំងពីរនេះបានចុះកិច្ចព្រមព្រៀងភាពជាដៃគូររួមគ្នា ហើយនឹងដាក់ដំណើរការក្នុងពេលឆាប់ខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣។

Spotify គឺជាតន្ត្រីឌីជីថល ផតខាស និងសេវាកម្មស្ទ្រីមវីដេអូ ដែលផ្តល់ឱ្យអ្នកប្រើប្រាស់នូវការចូលប្រើបទចម្រៀង ផតខាស និងវីដេអូរាប់លានពីសិល្បករទូទាំងពិភពលោក។ គិតត្រឹមខែកញ្ញាកន្លងទៅនេះ Spotify មានអ្នកប្រើប្រាស់សកម្មប្រចាំខែជាង ៥៧៤លាននាក់ រួមទាំងអតិថិជនបង់ប្រាក់ចំនួន ២២៦លាននាក់។

យោងតាមរបាយការណ៍ចេញផ្សាយនេះបានឱ្យដឹងថា Spotify នឹងចាប់ផ្តើមប្រើប្រាស់គំរូភាសាបញ្ញាសិប្បនិម្មិត្ត LLM របស់ Google Cloud នៅលើកម្មវិធីរបស់ខ្លួនដើម្បីជួយឱ្យការប្រើប្រាស់នៅទូទាំងផតខាស និងសៀវភៅសម្លេងកាន់អស្ចារ្យជាងមុន។ LLM គឺជាគំរូភាសាដ៏ធំមួយដែលដំណើរការដោយបញ្ញាសិប្បនិម្មិត្តដូចជា ChatGPT និង Google Bard របស់ OpenAI នឹងត្រូវបានបណ្តុះបណ្តាលលើទិន្នន័យយ៉ាងច្រើនដើម្បីកាន់តែងាយយល់ក្នុងការបង្កើតអត្ថបទ ក៏ដូចជាមុខងារផ្សេងទៀត។

គួរជម្រាបដែរថា Google Cloud ត្រូវបានគ្រប់គ្រងដោយ Alphabet នឹងមានគំរូភាសា LLM ជាច្រើនប្រភេទដូចជា PaLM 2, Codey, Imagen និង Chirp ដែលត្រូវបានបណ្តុះបណ្តាលលើការផលិតអត្ថបទ កូដ រូបភាព សម្លេងអូឌីយ៉ូ និងវីដេអូជាដើម។ ដូច្នេះការដាក់ដំណើរការ AI នៅលើ Spotify នឹងផ្តល់ឱ្យអ្នកប្រើប្រាស់នូវជម្រើសមុខងារជាច្រើន ជាពិសេសគឺ ការអានសៀវភៅដោយ AI នោះផ្ទាល់តែម្តង៕